(បែរឡាំង)៖ មេបញ្ជាការនាវាចម្បាំងអាល្លឺម៉ង់២គ្រឿង កំពុងរង់ចាំបញ្ជាពីទីក្រុងបែរឡាំង ដើម្បីកំណត់ថាតើ ពួកគេនឹងជានាវាយោធាអាល្លឺម៉ង់ដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឬយ៉ាងណា ខណៈវានឹងជាសកម្មភាពមួយ ដែលមុខជាធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។
ស្របពេលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដូចជាកាណាដាជាដើម បានបញ្ជូននាវាចម្បាំងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាពេលថ្មីៗកន្លងទៅ វានឹងជាការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ជាលើកដំបូង សម្រាប់កងទ័ពជើងទឹកអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ២០០២មក។ អំឡុងប្រតិបត្តិការរបស់ខ្លួន នាវាចម្បាំងអាល្លឺម៉ង់ទាំង២គ្រឿង នឹងចូលចតនៅប្រទេសមួយចំនួន ដូចជាជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន។
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកភាគីទាំង២ ក៏ត្រូវបានចាត់ទុកស្ថិតនៅក្រោម ដែនយុត្តាធិការរបស់ចិនផងដែរ។ យ៉ាងណាមិញ កោះតៃវ៉ាន់និងអាមេរិក បាននិយាយថា ច្រកសមុទ្រតៃវ៉ាន់ គឺជាដែនទឹកអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង បានបើកឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ជាលើកទីមួយ គិតក្នុងរយៈពេលជិត២០ឆ្នាំ។ រីឯកាលពីខែមុននេះ កងទ័ពជើងអាកាសអាល្លឺម៉ង់ បានបញ្ជូនកងយន្តហោះចម្បាំង ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមការធ្វើសមយុទ្ធយោធារួមជាលើកដំបូង នៅទីនោះ៕