(ម៉ានីល)៖ នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការរកឃើញករណីដំបូងនៃជំងឺ mpox ឬអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ដែលជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។
អ្នកជំងឺខាងលើជាបុរសជនជាតិហ្វីលីពីនផ្ទាល់ អាយុ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសឡើយ។ វាគឺជាករណីជំងឺ mpox ទី១០ ដែលត្រូវបានរកឃើញ ដោយក្រសួងសុខាភិបាលហ្វីលីពីន ហើយត្រូវបានផ្ទៀងផ្ទាត់នៅមន្ទីរពិសោធ។ ហ្វីលីពីនបានរកឃើញ ករណីជំងឺនេះដំបូងបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។ ស្ថានភាពជំងឺ mpox ជាទូទៅមានកម្រិតស្រាល ប៉ុន្តែវាអាចឆក់យកអាយុជីវិតបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន អង្គការសុខភាពពិភពលោក WHO បានប្រកាសជំងឺ mpox ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ក្រោយការឆ្លងជំងឺនេះនៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៃទ្វីបអាហ្រ្វិក បានរាលដាលដល់ប្រទេសជិតខាង។ វាគឺជាលើកទី២ ដែល WHO បានប្រកាសអាសន្នកម្រិតខ្ពស់បែបនេះ សម្រាប់ជំងឺ mpox។
កាលពីព្រហស្បតិ៍សប្តាហ៍កន្លងទៅ ស៊ុយអែត បានប្រកាសពីការរកឃើញករណីជំងឺ mpox ហើយបានភ្ជាប់វាទៅជាមួយការរាលដាលនៅទ្វីបអាហ្រ្វិក និងជាសញ្ញាដំបូង ដែលបង្ហាញថា វាបានឆ្លងចេញក្រៅទ្វីបនេះ។ ក្រោយមក នៅថ្ងៃសុក្រសប្តាហ៍ដដែល ប៉ាគីស្ថាន ក៏បានប្រកាសពីការរកឃើញ mpox យ៉ាងហោច១ករណី លើអ្នកជំងឺម្នាក់ ដែលត្រឡប់មកពីប្រទេសមួយ នៅតំបន់ឈូងសមុទ្រពែរ្ស៕