(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពិង បានទទួលជួបពិភាក្សាគ្នាជាមួយ មេដឹកនាំកំពូលថ្មីរបស់វៀតណាម លោក To Lam នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។
ជំនួបខាងលើបង្ហាញពីសញ្ញានៃភាពជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលបានអភិវឌ្ឍទំនាក់ទំនងល្អនឹងគ្នា ខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទោះបីជាមានបញ្ហាវិវាទទឹកដី នៅតំបន់សមុទ្រចិនខាងត្បូងក៏ដោយ។ លោក Lam បានធ្វើដំណើរមកដល់ខេត្ត Guangzhou របស់ចិន កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីបំពេញទស្សនកិច្ចសរុបរយៈពេល៣ថ្ងៃ។ ការបំពេញទស្សនកិច្ចនេះ នឹងបញ្ចប់ទៅវិញ ក្រោយលោក Lam ជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងមន្រ្តីជាន់ខ្ពស់ចិនដទៃទៀត។
លោក Lam បានឡើងជាអគ្គលេខាធិការថ្មីនៃបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំជាងគេបង្អស់ កាលពីដើមខែសីហានេះ ក្រោយមរណភាពរបស់លោក Nguyen Phu Trong។ ទន្ទឹមគ្នាលោក ក៏មានតំណែងជា ប្រធានាធិបតីវៀតណាមផងដែរ ជាតួនាទីដែលលោក Lam បានកាន់ចាប់ពីខែឧសភាមក។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ ចិននិងវៀតណាម បានរួមគ្នាប្តេជ្ញាធ្វើឱ្យចំណងទ្វេភាគី កាន់តែស៉ីជម្រៅថែមទៀត នៅពេលលោក ស៉ី បានទៅបំពេញទស្សនកិច្ចនៅវៀតណាម ជាលើកដំបូង ក្នុងរយៈពេល៦ឆ្នាំ។ ទស្សនកិច្ចនាពេលនោះ ធ្វើឡើងបន្ទាប់ពីវៀតណាមនិងសហរដ្ឋអាមេរិក បានដំឡើងកម្រិតទំនាក់ទំនងកាន់តែខ្លាំង អំឡុងទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាយូរមកហើយ ទីក្រុងហាណូយ បានប្រកាន់គោលនយោបាយ «ការទូតឫស្សី» ដែលផ្តោតទៅលើ ការរក្សាទំនាក់ទំនងល្អជាមួយចិន និងសហរដ្ឋអាមេរិក ក្នុងពេលព្រមគ្នា៕