(បេរូត)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាព ៣នាក់បានរងរបួសស្រាល នៅពេលដែលការផ្ទុះមួយកើតឡើងក្បែររថយន្តរបស់ពួកគេ ជិតព្រំដែនភាគខាងត្បូងនៃ​ប្រទេសលីបង់ ជាទីដែលមានការបាញ់ផ្លោងដាក់គ្នាញឹកញាប់ រវាងក្រុម Hezbollah និងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍របស់ កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំលីបង់ (UNIFIL) «កងរក្សាសន្តិភាពដែលកំពុងល្បាត បានរងរបួសស្រាល នៅពេលការផ្ទុះមួយកើតឡើងក្បែររថយន្ត UN ដែលមានបិទស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ នៅតំបន់ជុំវិញស្រុក Yarine ភាគខាងត្បូងលីបង់។ បន្ទាប់មក កងរក្សាសន្តិភាពទាំងអស់ បានត្រលប់ទៅដល់មូលដ្ឋានវិញដោយសុវត្ថិភាព ហើយយើងកំពុងពិនិត្យលើឧប្បត្តិហេតុនេះ»

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ថាយន្តហោះចម្បាំងរបស់អ៉ីស្រាអែល បានវាយប្រហារភូមិ Dhayra ចម្ងាយប្រហែល ១គីឡូម៉ែត្រពីស្រុក Yarine បណ្តាលឱ្យមានអ្នករបួស។ កងកម្លាំង UNIFIL ម្នាក់ បានប្រាប់ AFP ថាប្រហែលជាការវាយប្រហារតាមអាកាសមកលើទីតាំងក្បែរៗនោះ តែមិនមែនជាការកំណត់គោលដៅមកលើកងកម្លាំងនោះទេ។

គួរបញ្ជាក់ថា ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ បានធ្វើការបាញ់ផ្លោងឆ្លងព្រំដែនញឹកញាប់ជាមួយកងទ័ពអ៉ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនគឺហាម៉ាស គិតចាប់តាំងពីសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕