(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៊ុយក្រែនបានដាក់កងទ័ពជាង ១២០,០០០នាក់ ឱ្យឈរជើងនៅព្រំដែនជាមួយបេឡារុស ហើយទីក្រុងមីនស្កិ៍ក៏បានដាក់ពង្រាយជិត ១ភាគ ៣នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅតាមព្រំដែនជាមួយគ្នានោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់រុស្ស៉ី ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Belta លោក Lukashenko គូសបញ្ជាក់ថា «ដោយមើលឃើញគោលនយោបាយឈ្លានពានរបស់ពួកគេ យើងបានណែនាំ និងដាក់ជាគោលការណ៍ថា ក្នុងករណីមានសង្រ្គាម ពួកគេនឹងត្រូវរារាំងដោយយោធារបស់យើង នៅតាមព្រំដែនទាំងមូល»

លោក Lukashenko មិនបានបញ្ជាក់ពីចំនួនជាក់លាក់នៃកងទ័ព ដែលត្រូវបានដាក់ពង្រាយនៅព្រំដែនជាមួយអ៊ុយក្រែនទេ។ ប៉ុន្តែបើតាមរបាយការណ៍ឆ្នាំ ២០២២ របស់ International Institute for Strategic Studies' Military Balance កងទ័ពអាជីពបេឡារុសមានប្រហែល ៤៨,០០០នាក់ និងទាហានព្រំដែនរដ្ឋប្រហែល ១២,០០០នាក់។

គួរបញ្ជាក់ថា លោក Lukashenko​ ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់ លោក ពូទីន ហើយថ្មីៗនេះ បានសម្តែងការប្រឆាំងចំពោះប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ចូលទឹកដីរុស្ស៉ី៕