(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីពង្រឹងការត្រៀមលក្ខណៈរួមគ្នាទប់ទល់ នឹងការគំរាមកំហែងដោយអាវុធ និង cyberattacks ពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមយុទ្ធឈ្មោះ Ulchi Freedom Shield ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ធ្វើឡើងចំពេលកូរ៉េខាងជើង កំពុងពន្លឿនការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ក៏ដូចជាព្យាយាមបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍។ តាមយោធាអាមេរិក និងកូរ៉េខាងត្បូង ក្នុងសមយុទ្ធយោធារួមគ្នានេះ កងទ័ពនៃប្រទេស ទាំង២ នឹងហាត់សមពីរបៀបទប់ស្កាត់ការគំរាមកំហែងលើគ្រប់វិស័យ រាប់ចាប់ពីការគំរាមកំហែងដោយមីស៊ីលពីកូរ៉េខាងជើង ការកាត់ផ្ដាច់ប្រព័ន្ធ GPS ព្រមទាំង cyberattacks និងមេរៀនជាច្រើនទៀត។

បន្ថែមពីលើនេះ ក្នុងពេលដំណាលគ្នានឹងសមយុទ្ធនេះដែរ កូរ៉េខាងត្បូងនឹងដឹកនាំការធ្វើសមយុទ្ធដាច់ដោយឡែកមួយផ្សេងទៀត នោះគឺការហ្វឹកហាត់ការពារប្រជាជន ស៊ីវិល ក្នុងសេណារីយ៉ូមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។

គួរបញ្ជាក់ថា កងទ័ពកូរ៉េខាងត្បូង ១៩ ០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ Ulchi Freedom Shield ហើយដែលតួលេខនេះប្រហាក់ប្រហែលនឹងចំនួនកងទ័ពចូលរួម កាលពីឆ្នាំមុនដែរ។ កូរ៉េខាងជើង​ តែងតែថ្កោលទោសការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាជាទង្វើត្រៀមលក្ខណៈឈ្លានពាន ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន។ តែជារឿយៗ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ក៏បានអះអាងដែរថាសមយុទ្ធរបស់ពួកគេមានគោលដៅការពារខ្លួន ពីការគំរាមកំហែងរបស់កូរ៉េខាងជើង តែប៉ុណ្ណោះ៕