(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសការវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី ដោយចាត់ទុកថាជាទង្វើភេរវកម្មមិនអាចអត់ឱនឱ្យបាន និងដែលកំពុងរុញច្រានស្ថានការណ៍ ពិភពលោកឆ្ពោះទៅរកមាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាការវាយលុករបស់អ៊ុយក្រែន ចូលក្នុងទឹកដីរុស្ស៉ី គឺជាផលិតផលមួយ នៃគោលនយោបាយប្រឈមមុខដាក់គ្នារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរុស្ស៉ី ដែលកំពុងរុញច្រានស្ថានការណ៍ឆ្ពោះទៅកាន់មាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។ KCNA បន្ថែមដូច្នេះថា «យើងថ្កោលទោសការវាយប្រហារប្រដាប់អាវុធលើទឹកដីរុស្ស៉ី ដោយរបបអាយ៉ងហ្សេលេនស្គី នៅក្រោមការគាំទ្រពីសហរដ្ឋអាមេរិក និងលោកខាងលិច និងចាត់ទុកថាជាទង្វើឈ្លានពាន និងភេរវកម្ម»។ តាម KCNA ទីក្រុងព្យុងយ៉ាងនឹងឈរជាមួយរុស្ស៉ីដែលកំពុងការពារអធិបតេយ្យរបស់ខ្លួន។

គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួន បានវាយដណ្ដើមកាន់កាប់ទឹកដីច្រើនជាង ៨០កន្លែង លើផ្ទៃ១១៥០គីឡូម៉ែត្រក្រឡា ក្នុងតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពីបានបើក ប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហាមក ធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបំផុតដែលបានលើកទ័ពវាយចូលដីរុស្ស៉ី ក្រោយសម័យសង្រ្គាមលោកលើកទី២មក។ កូរ៉េខាងជើងវិញ បានធ្វើបច្ចុប្បន្នទំនាក់ទំនងជាមួយរុស្ស៉ី កាលពីខែមិថុនកន្លងទៅ ដោយលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាយោធា មួយដែលមានចែងពីការជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីម្ខាងណារងការឈ្លានពានពីសត្រូវ៕