(កៀវ)៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្ត្រមួយផ្សេងទៀត នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ដែលនឹងបង្ក ការលំបាកដល់ទីក្រុងមូស្គូ ក្នុងការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៉ីដែលកំពុងព្យាយាមទប់ស្កាត់ការវាយរុលទៅមុខរបស់កងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters។

ទីក្រុងកៀវ បាននិយាយថាកងកម្លាំងរបស់ខ្លួន បានវាយដណ្ដើមកាន់កាប់ទឹកដីច្រើនជាង ៨០កន្លែង លើផ្ទៃ១១៥០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពី បានបើកប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហាមក ធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបំផុតដែលបានលើកទ័ពវាយចូលដីរុស្ស៉ី ក្រោយសម័យសង្រ្គាម លោកលើកទី២មក។

មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក ​Mykola Oleshchuk ធ្វើការអះអាងពីការបំផ្លាញស្ពានមួយផ្សេងទៀតរបស់រុស្ស៉ី នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង សង្គម Telegram កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ជាមួយការបង្ហោះវីដេអូ ដែលបង្ហាញពីផ្សែងហ៊ុយចេញពីការផ្ទុះនៅលើស្ពាន ហើយគេឃើញមានផ្នែកមួយនៃស្ពានត្រូវបាន បំផ្លាញ។ ប៉ុន្តែខាងទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់វីដេអូនេះបាននៅឡើយទេ ហើយក៏មិនទាន់អាចបញ្ជាក់ឱ្យច្បាស់ពីស្ថានការណ៍នៅក្នុងតំបន់ Kursk បាននោះដែរ ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែន អះអាងពីភាពរីកចម្រើនដូចគ្នាៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន រុស្ស៉ីបាននិយាយថាអ៊ុយក្រែនក៏បានកម្ទេចស្ពានមួយក្នុងតំបន់ Kursk ផងដែរ ដោយបានប្រើប្រាស់មីស៊ីលបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ផ្ដល់ដោយសហរដ្ឋអាមេរិក៕