(ប៉េកាំង)៖ ឆ្មាំសមុទ្រចិន បាននិយាយថានាវាមួយគ្រឿងរបស់ហ្វីលីពីន ដែលមិនបានអើពើនឹងការព្រមានម្ដងហើយម្ដងទៀតរបស់ខ្លួន បានបើកបំបុកនាវាមួយគ្រឿងរបស់ ចិន ដោយចេតនា ដែលនេះជាអាកប្បកិរិយាគ្មានវិជ្ជាជីវៈ និងប្រកបដោយគ្រោះថ្នាក់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

វីដេអូខ្លីមួយដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់ឆ្មាំសមុទ្រចិន បានបង្ហាញថាការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោងប្រហែល ៣៖២៤នាទីព្រឹកព្រលឹម នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យឆ្មាំសមុទ្រចិនម្នាក់បានអះអាងទៀតថានាវាខាងលើដដែលរបស់ហ្វីលីពីន បានចូល ក្នុងដែនទឹកស្ថិតនៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដោយបានធ្វើសកម្មភាពបង្ករឿងម្ដងហើយម្ដងទៀត និងបានបង្កចលាចល ព្រមទាំងបំពានលើ កិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន។

គួរបញ្ជាក់ថា ចិន និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយកាលពីខែកក្កដាកន្លងទៅ ក្រោយការប៉ះទង្គិចគ្នាជាហូរហែរក្នុងដែនទឹក ក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាមួយការអនុញ្ញាតឱ្យហ្វីលីពីនអាចដឹកជញ្ជូនការផ្គត់ផ្គង់ចាំបាច់ ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូចដែលកំពុងឈរជើង នៅលើខ្មោចនាវាចម្បាំង មួយគ្រឿង នៅក្នុងតំបន់ថ្មប៉ប្រះទឹកនេះ៕