(វីយែន)៖ ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានបានវាយប្រហារតំបន់ភ្នំអាល់ នៃប្រទេសអូទ្រីស និងបានធ្វើឲ្យផ្នែកខ្លះនៃទីក្រុងវីយែនលិចទឹកនៅចុងសប្តាហ៍នេះ ដោយបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួននៃប្រទេស និងរំខានដល់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
វីដេអូនៅលើបណ្តាញសង្គម បានបង្ហាញរថយន្តជាច្រើនត្រូវបានទឹកអូសនៅតំបន់ជិះស្គី St. Anton ខណៈស្ត្រីម្នាក់ក៏បានរងរបួសធ្ងន់ ដោយសារតែទឹកជំនន់នៅទីក្រុងវីយែន។
នៅទីក្រុងវីយែន ភ្លៀងបានធ្លាក់ខ្លាំងមិនធ្លាប់មាន រហូតដល់ ១១០លីត្រក្នុងមួយម៉ែត្រការ៉េ ដែលបានបំបែកកំណត់ត្រាចាស់សម្រាប់ខែសីហា។ ការធ្លាក់ភ្លៀងខ្លាំងនេះបានធ្វើឲ្យផ្លូវថ្នល់ និងសេវាដឹកជញ្ជូនជាច្រើន ត្រូវផ្អាក ឬរំខាន។ ប្រជាជនជាច្រើនបានជាប់គាំងនៅតាមផ្ទះ ឬកន្លែងស្នាក់នានា ដោយសារតែការធ្វើដំណើរមានការលំបាក។
នាយករដ្ឋមន្រ្តីអូទ្រីសបានថ្លែងអំណរគុណដល់មន្ត្រីដែលកំពុងជួយសង្គ្រោះ និងសម្អាតការខូចខាត។ លោកក៏បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីធានាសុវត្ថិភាព។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់នេះ បានបង្ហាញឲ្យឃើញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតមានឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅជុំវិញពិភពលោក។ វាក៏ជាការរំលឹកដ៏សំខាន់មួយថា យើងត្រូវតែចាត់វិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារភពផែនដីរបស់យើង៕