(កៀវ)៖ កងកម្លាំងអ៊ុយក្រែន បាននិយាយថាពួកគេបានទប់ស្កាត់ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី លើរដ្ឋធានីកៀវ ជាទីដែលស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេង នៅព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋបាលយោធាប្រចាំរដ្ឋធានីកៀវ បានគូសបញ្ជាក់នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram ដូច្នេះថា «វាជាការវាយប្រហារដោយមីស៊ីលបាលិស្ទីគជាលើកទី៣ លើរដ្ឋធានី (កៀវ) នៅក្នុងខែសីហានេះ»។ ដំណាលគ្នានឹងការវាយប្រហារដោយមីស៊ីលនេះដែរ មានដ្រូនជាច្រើនគ្រឿងត្រូវបានប្រទះឃើញហោះឆ្ពោះតម្រង់ទៅកាន់ រដ្ឋធានីកៀវ។ ប៉ុន្តែ ដ្រូនទាំងអស់នោះ ត្រូវបានកម្ទេចនៅឆ្ងាយពីតំបន់រដ្ឋធានី។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន មិនមានការខូចខាត ឬក៏អ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍នោះទេ ខណៈរដ្ឋបាលយោធាប្រចាំរដ្ឋធានីកៀវបានអះអាងជាបឋមថា មីស៊ីលដែលរុស្ស៉ីប្រើក្នុងការវាយប្រហារ គឺជាប្រភេទមីស៊ីល KN-23 ផលិតដោយកូរ៉េខាងជើង៕