(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ (ម៉ោងក្នុងតំបន់) ក្រោមក្របខណ្ឌ នៃកិច្ចប្រឹងប្រែងការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង១០ខែមកនេះ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចជាលើកទី១០ របស់លោកប្រមុខការទូតអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក បានលើកឡើងនូវសំណើមួយចំនួន ដែលខ្លួន និងក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា និងអេហ្ស៉ីបជឿជាក់ថាអាចនឹងនាំទៅរកការឯកភាពគ្នារវាងភាគី សង្រ្គាម។ ប៉ុន្តែទោះជាមានសុទិដ្ឋិនិយម ក៏ក្រុមមន្ត្រីអាមេរិកនៅតែប្រយ័ត្នប្រយែង ពីព្រោះនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីឈានទៅដល់បទឈប់បាញ់។
គួរបញ្ជាក់ថា នៅអ៉ីស្រាអែល លោក Blinken ត្រូវបានរំពឹងនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ កិច្ចចរចាស្វែងរកបទឈប់បាញ់កំពុង ប្រព្រឹត្តទៅ ក្រោមស្រមោលនៃការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ អ៉ីរ៉ង់បានចោទប្រកាន់អ៉ីស្រាអែលថាជាអ្នកសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ហើយបានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញ៕