(ញូវដេលី)៖ មន្ទីរពេទ្យ និងគ្លីនិកជាច្រើននៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា បានបដិសេធទទួលព្យាបាលអ្នកជំងឺ លើកលែងតែអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ ប៉ុណ្ណោះ ដោយសារតែក្រុមគ្រូពេទ្យបាននាំគ្នាធ្វើកូដកម្មរយៈពេល២៤ម៉ោង ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេជុំវិញករណីរំលោភសម្លាប់គ្រូពេទ្យស្រីម្នាក់ កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Kolkata ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គ្រូពេទ្យជាង ១លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការធ្វើកូដកម្ម ធ្វើឱ្យគាំងដល់សេវាសុខាភិបាលនៅទូទាំងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក។ រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសៅរ៍នោះដែរ បានចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងសមាគមគ្រូពេទ្យ ជាមួយការជំរុញឱ្យ ក្រុមគ្រូពេទ្យត្រឡប់ទៅធ្វើការជាធម្មតាវិញ ដើម្បីប្រយោជន៍សាធារណៈ ហើយថារដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការមួយ ក្នុងការដាក់ចេញវិធានការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារបុគ្គលិកសុខាភិបាល។
ជាការឆ្លើយតប ខាងសមាគមគ្រូពេទ្យឥណ្ឌា បាននិយាយថាពួកគេកំពុងសិក្សាពីសំណើរបស់រដ្ឋាភិបាល ប៉ុន្តែមិនបានលុបចោលគម្រោងធ្វើកូដកម្មនោះទេ។
គួរបញ្ជាក់ថា ការធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យក្នុងប្រទេសឥណ្ឌា គឺជាការសកម្មភាពឆ្លើយតបចុងក្រោយបំផុតមួយ ទៅនឹងករណីរំលោភសម្លាប់គ្រូពេទ្យស្រីកម្មសិក្សាម្នាក់ មានអាយុ ៣១ឆ្នាំ កាលពីសប្ដាហ៍មុន នៅក្នុងបន្ទប់របស់មន្ទីរពេទ្យមួយ ស្ថិតនៅក្នុងទីក្រុង Kolkata ជាទីដែលគ្រូពេទ្យស្រីរូបនេះធ្វើការតែម្ដង។ តាមក្រុមអ្នកជំនាញ គ្រូពេទ្យស្រីរូបនេះ ត្រូវបានមនុស្សជាច្រើននាក់រំលោភ និងរងអំពើហិង្សារហូតដល់ស្លាប់។ ទង្វើឧក្រិដ្ឋនេះបានបង្កឱ្យមានបាតុកម្មតវ៉ា នៅទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅក្នុងចំណោមបុគ្គលិក សុខាភិបាល ដើម្បីជំរុញឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ និងដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋជន។
មកទល់នឹងពេលនេះ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌា បានឃុំខ្លួនជនសង្ស័យម្នាក់ ក្នុងសំណុំរឿងសម្លាប់គ្រូពេទ្យស្រីខាងលើ។ នៅឥណ្ឌា កាលពីឆ្នាំ២០១២ ក៏ធ្លាប់មានបាតុកម្ម និងការខឹងសម្បារយ៉ាងខ្លាំងផងដែរ នៅក្នុងចំណោមប្រជាជនឥណ្ឌា បន្ទាប់ពីនិស្សិតស្រីម្នាក់មានអាយុ២៣ឆ្នាំ ត្រូវបានគេរំលោភហើយសម្លាប់នៅលើរថយន្ដក្រុង នៅកណ្ដាល ទីក្រុងញូវដេលី៕