(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ នាឱកាសប្រារព្ធខួបមួយឆ្នាំនៃកិច្ចប្រជុំកំពូល Camp David និងបានបញ្ជាក់ឡើងវិញពីការសន្យារួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍រួមខាងលើដែលត្រូវបានចេញផ្សាយដោយការិយាល័យវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានឱ្យដឹងទៀតថាគោលការណ៍ស្ដីពី កិច្ចសហប្រតិបត្តិការត្រីភាគីដែលត្រូវបានឯកភាពគ្នាឡើង នៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ នឹងបន្តបម្រើជាជំហានដើរសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣។
«យើងមានការប្ដេជ្ញាចិត្ត ក្នុងការពិគ្រោះយោបល់ស្ដីពីបញ្ហាប្រឈមនៅក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងទាំងឡាយដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សមូហភាព និងសន្តិសុខរបស់យើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានជួបគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំមុន និងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា ហើយរួមដៃគ្នាប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន ព្រមទាំងការគំរាមកំហែងសន្តិសុខ ពីសំណាក់កូរ៉េខាងជើង។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មេដឹកនាំនៃប្រទេសទាំង៣ គ្រោងនឹងជួបគ្នាជាថ្មីនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ ឬព័ត៌មានលម្អិត ពីកាលបរិច្ឆេទនោះទេ ជាពិសេសក្នុងពេលដែលលោក គីស៊ីដា ប្រកាសថានឹងលាលែងចេញពីតំណែងនៅខែក្រោយនេះ៕