(ហារ៉ា)៖ ប្រជាជនប្រហែល ៦៨លាននាក់ នៅប៉ែកខាងត្បូងអាហ្រ្វិក កំពុងទទួលរងនូវឥទ្ធិពលនៃគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino ដែលបានបំផ្លិចបំផ្លាញដំណាំនៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។
គ្រោះរាំងស្ងួតតាំងពីដើមឆ្នាំ ២០២៤ បានប៉ះពាល់ដល់ផលិតកម្មដំណាំ និងបសុសត្វ ដោយនាំឱ្យមានការខ្វះខាតស្បៀងអាហារ ខូចខាតដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រមុខរដ្ឋមកពី ១៦ ប្រទេសនៃសហគមន៍អភិវឌ្ឍអាហ្វ្រិកប៉ែកខាងត្បូង (SADC) កំពុងប្រជុំគ្នានៅរដ្ឋធានី Harare ប្រទេសហ្ស៉ីមបាវ៉េ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខស្បៀងផងដែរ។ លេខាធិការប្រតិបត្តិរបស់ SADC លោក Elias Magosi និយាយថា មនុស្សប្រហែល ៦៨លាននាក់ ឬ ១៧ភាគរយនៃចំនួនប្រជាជនក្នុងតំបន់ កំពុងត្រូវការជំនួយ។ លោកបញ្ជាក់ថា «រដូវវស្សាឆ្នាំ ២០២៤ប្រឈមបញ្ហា ដោយផ្នែកភាគច្រើននៃតំបន់ជួបប្រទះនូបឥទ្ធិពលអវិជ្ជមាននៃបាតុភូត El Nino នោះគឺភ្លៀងធ្លាក់យឺតយាវ»។
ប្រទេសមួយចំនួន ដូចជា ហ្ស៉ីមបាវ៉េ ហ្សំប៊ី និងម៉ាឡាវី បានប្រកាសរួចហើយថា វិបត្តិនៃភាពអត់ឃ្លានគឺស្ថិតក្នុងភាពធ្ងន់ធ្ងរ ខណៈប្រទេសឡេសូតូ និងណាមីប៊ី អំពាវនាវឱ្យមានការគាំទ្រផ្នែកមនុស្សធម៌។ ប្រធាន SADC លោក Joao Lourenco និងជាប្រធានាធិបតីនៃប្រទេសអង់ហ្គោឡានិយាយថា តំបន់នេះបានចាប់ផ្តើមការអំពាវនាវ តាំងពីខែឧសភាមកម្ល៉េះ សម្រាប់ជំនួយមនុស្សធម៌ចំនួន ៥.៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងគ្រោះរាំងស្ងួត ប៉ុន្តែការបរិច្ចាគអាចមិនមានគ្រប់គ្រាន់ទេក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា នេះជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អាហ្រ្វិកប៉ែកខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារការរួមបញ្ចូលគ្នានៃបាតុភូត El Nino និងសីតុណ្ហភាពជាមធ្យមខ្ពស់ជាងធម្មតា ដែលកើតឡើងដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់៕