(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ Kursk និងដែលបានបណ្តាលឱ្យអ្នកស្ម័គ្រចិត្តស្លាប់ក្នុងពេលកំពុងជម្លៀសជនស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បញ្ជាក់ថា «នេះជាលើកដំបូងដែលតំបន់ Kursk រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតផលិតដោយលោកខាងលិច ហើយប្រហែលជាប្រព័ន្ធរ៉ុក្តែត HIMARS របស់អាមេរិក។ លោកស្រីបន្ថែមថា «ជាលទ្ធផលនៃការវាយប្រហារ ស្ពានឆ្លងទន្លេ Seym ក្នុងសង្កាត់ Glushkovo ត្រូវបានបំផ្លាញទាំងស្រុង ហើយអ្នកស្ម័គ្រចិត្តដែលកំពុងជួយជនស៉ីវិលជម្លៀសខ្លួន ត្រូវបានសម្លាប់»។
គួរបញ្ជាក់ថា គេនៅមិនដឹងទេថាតើមានអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់បានស្លាប់ នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ។ បើតាមមេទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi នៅថ្ងៃដដែលនោះ កងកម្លាំងរបស់ទីក្រុងកៀវ បានរុលទៅមុខចន្លោះពី ១ទៅ ៣គីឡូម៉ែត្រនៅផ្នែកខ្លះនៃតំបន់ Kursk។ គិតចាប់តាំងពីបើកការវាយលុកចូលទឹកដីរុស្ស៉ី នៅថ្ងៃទី៦ ខែសីហា ទីក្រុងកៀវ អះអាងថាបាននិងកំពុងគ្រប់គ្រងទីតាំងចំនួន ៨២លើផ្ទៃដី ១,១៥០គីឡូម៉ែត្រក្រលា។
ក្រសួងការពារជាតិរុស្ស៉ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Interfax បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា កងកម្លាំងរុស្ស៉ីបានវាយលុកឆ្លើយតបនឹងការវាយប្រហារជាច្រើនពីអ៊ុយក្រែន នៅក្នុងតំបន់ Kursk តែមិនបានរាយការណ៍ពីការដណ្តើមទឹកដីណាមួយមកវិញទេ។ កងកម្លាំងអ៊ុយក្រែនព្យាយាមតែមិនបានជោគជ័យ ក្នុងការឆ្ពោះទៅកាន់ភូមិ Kauchuk និង Alekseyevskiy ដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងព្រំដែនអ៊ុយក្រែន ជារោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Kursk។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានពីសមរភូមិ បានដោយឯករាជ្យនោះទេ៕