(បេរូត)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA របស់លីបង់ បានរាយការណ៍ថា មនុស្សប្រហែល ១០នាក់បានស្លាប់ និងរបួស ៥នាក់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅទីក្រុង Nabatieh ដែលស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។

ជនរងគ្រោះទាំងអស់សុទ្ធតែជាពលរដ្ឋស៉ីរី ដោយ NNA រាយការណ៍បន្ថែមថា តួលេខពិតប្រាកដនៃអ្នកស្លាប់សរុបនឹងត្រូវប្រកាសក្រោយបញ្ចប់ការធ្វើតេស្ត DNA។ យោធាអ៉ីស្រាអែល​និយាយថា ការ​វាយ​ប្រហារ​តាម​អាកាស​នោះ កំណត់​គោលដៅ​ឃ្លាំង​អាវុធ​ដែល​ប្រើប្រាស់​ដោយ​ក្រុម Hezbolla។

ក្រោមមកក្រុម Hezbolla អះអាងថាបានធ្វើការវាយប្រហារសឹងសឹកវិញ ទៅលើតំបន់កសិកម្ម Ayelet Hashahr ភាគខាងជើងអ៉ីស្រាអែល។ តាមយោធាអ៉ីស្រាអែល ទាហានរបស់ខ្លួនពីរនាក់បានរងរបួសដោយការវាយប្រហារពីគ្រាប់រ៉ុក្កែតចេញពីលីបង់ ហើយបន្ថែមថា រ៉ុក្កែតសរុប ៥៥គ្រាប់ត្រូវបានបាញ់ទម្លាក់។

ការវាយប្រហារខាងលើនេះកើតមានឡើង បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ រវាងក្រុមហាម៉ា និងអ៉ីស្រាអែលក្នុងទីក្រុង Doha នៃប្រទេសកាតា បានផ្អាកកាលថ្ងៃសុក្រ ហើយក្រុមអ្នកចរចាត្រូវជួបម្តងទៀតនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងក្នុងតំបន់នារយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលអ៉ីស្រាអែលចោទថាជាស្នាដៃរបស់ក្រុម Hezbolla បានសម្លាប់មនុស្សចំនួន ១២នាក់នៅក្នុងតំបន់ Golan Heights។ អ៉ីស្រាអែល ក៏​បាន​ឆ្លើយ​តប​វិញដោការ​សម្លាប់​មេ​បញ្ជាការ​កំពូល ​Hezbolla ម្នាក់នៅឯជាយក្រុងបេរូត៕