(ប៉េកាំង)៖ ថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកំណត់ថាជា «ទិវាជាតិអេកូឡូស៊ី»។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ប្រទេសចិនតែងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការនានាជាច្រើន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ និងការអភិវឌ្ឍបៃតង ដែលក្នុងនោះរួមមាន “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ ការបង្កើតទិវាជាតិអេកូឡូស៊ីនេះ មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងថ្មីបន្ថែមទៀត ក្នុងការបណ្តុះស្មារតីប្រជាជនចិនទាំង ១៤០០ លាននាក់ ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ អំពីការថែរក្សាបរិស្ថាននោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ អំពីកិច្ចប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍបៃតង។
ការបង្កើតទិវាមួយនេះក៏បានរំលេចឱ្យឃើញពី ការផ្តល់សារៈសំខាន់កាន់តែខ្ពស់ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ ដែលជាទ្រព្យសម្បត្តិសាកលរបស់មនុស្សជាតិផងដែរ។ ដើរតាមចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម ស៊ី ជីនពីង ដែលបានចាត់ទុកថា "ទឹកថ្លា និងភ្នំខៀវស្រងាត់” មានតម្លៃដូចមាស និងប្រាក់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផល គួរឱ្យកត់សម្គាល់ជាច្រើនក្នុងការអភិរក្សអេកូឡូស៊ី។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ប្រទេសចិនក្តោបក្តាប់ជិត ៥០% នៃការតម្លើងថាមពលដើរដោយព្រះអាទិត្យ របស់ពិភពលោក ហើយជាង ៥០% នៃរថយន្តដើរដោយថាមពលថ្មី របស់ពិភពលោក កំពុងធ្វើចរាចរណ៍ក្នុងប្រទេសចិន។
ប្រទេសចិនក៏បានរួមចំណែកប្រមាណ ២៥% នៃការបង្កើនផ្ទៃដីដាំដើមឈើនៅលើពិភពលោក ហើយបានដាក់គោលដៅក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឱ្យបានកម្រិតខ្ពស់បំផុត មុនឆ្នាំ ២០៣០ ព្រមទាំងសម្រេចបាននូវអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០។ ការពិតមិនអាចប្រកែកបាននោះគឺថា សមិទ្ធផលទាំងអស់នេះ បានរួមចំណែកជាវិជ្ជមានដល់ កិច្ចប្រឹងប្រែងអភិបាលកិច្ចបរិស្ថានសាកល និងជំរុញដល់ការអនុវត្តរបៀបវារៈ អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយ ប្រកបដោយពណ៌បៃតង សម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ សរុបមក តួនាទីដ៏សកម្មរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិរក្សជីវសាស្ត្រចម្រុះ គឺជាអ្វីដែលសហគមន៍អន្តរជាតិ គួរតែយកគម្រូតាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា