(ប៉េកាំង)៖ “ទីផ្សារចិនមានកម្លាំងរស់រវើកយ៉ាងខ្លាំង ថែមទាំងការរៀបចំចាត់ចែងរបស់រដ្ឋាភិបាលចិន ក្នុងការពង្រីកតម្រូវការក្នុងស្រុក និងជំរុញការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ ប្រការទាំងនេះបានផ្តល់ចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយដល់ពួកយើង។” លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla បានថ្លែងដូចពោលខាងលើ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពី ស្ថានភាពដំណើរការសេដ្ឋកិច្ចចិន នៅខែកក្កដាកាលពីថ្ងៃទី ១៥ ខែសីហា។
តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេសបានបង្កើន ការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ហាក់ដូចជាបាន“បោះឆ្នោតគាំទ្រ”ចំពោះសេដ្ឋកិច្ចចិនតាមរយៈប្រាក់ទុនពិតៗ ។ នៅខែសីហា ក្រុមហ៊ុន ARBURG ពាណិជ្ជករផលិតម៉ាស៊ីនប្លាស្ទិក បានសម្រេចចិត្ត ធ្វើផលិតកម្មនៅប្រទេសចិន ក្រុមហ៊ុនABB នៃប្រទេសស្វ៊ីស និងគម្រោងឥន្ធនៈហ្វូស៊ីលនៅឈូងសមុទ្រDa Yaនៃក្រុមហ៊ុន Exxon Mobil របស់អាមេរិកបាននាំគ្នា ប្រកាសថា នឹងបង្កើនការវិនិយោគនៅប្រទេសចិន។ របាយការណ៍ថ្មីបំផុត ដែលក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានប្រកាសបានបង្ហាញឱ្យឃើញថា សហគ្រាសបរទេសដែលចូលរួម ការផ្តល់បទសម្ភាសន៍ចំនួនលើសពី ៤០ភាគរយ បានសម្គាល់ឃើញថា កម្លាំងទាក់ទាញរបស់ទីផ្សារចិនបានកើនឡើង។ ពិតមែនតែនិម្មាបនកម្មអន្តរជាតិ មានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននៅតែជាគោលដៅវិនិយោគពេញនិយម ដែលទទួលការចាប់អារម្មណ៍ពីសំណាក់ ពិភពលោកទាំងមូល។
តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារចិនគឺមកពីណា? យើងអាចរកឃើញក្នុង “តារាងពន្ទុ”នៃដំណើរការសេដ្ឋកិច្ចចិន នៅខែកក្កដា ដែលត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ។ នៅខែកក្កដា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំបានកើនឡើង៥,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ល្បឿនបង្កើននៃតម្លៃបន្ថែមរបស់ មុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង០,៤ភាគរយបើប្រៀបធៀបនឹងខែមិថុនា សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្ម បានកើនឡើង០,១ភាគរយបើប្រៀបធៀបនឹងខែមិថុនា លំហូរទំនិញនិងអ្នកធ្វើដំណើរបានកើនឡើង ៦,៥ភាគរយនិង៤,៦ភាគរយ ដោយឡែកពីគ្នា ។ល។ ប្រឈមមុខនឹងបរិយាកាសអន្តរជាតិ ដែលមានភាពស្មុគស្មាញនិងតឹងរ៉ឹងនិងការរំខានពី កត្តាក្នុងរយៈពេលខ្លីដូចជាធាតុអាកាសអាក្រក់ជ្រុល ក្នុងស្រុកជាដើម សេដ្ឋកិច្ចចិនបានបន្តរក្សានិន្នាការអភិវឌ្ឍន៍ ដែលមានភាពនឹងនរជាទូទៅ និងមានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព។
ទីផ្សារគឺមានន័យថាឱកាសពាណិជ្ជកម្ម ។ បច្ចុប្បន្ននេះ ទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន កំពុងត្រូវលើកកម្ពស់លំដាប់ថ្នាក់ ជាបន្តបន្ទាប់ ដែលបាននាំមកនូវវិស័យវិនិយោគពេញនិយម និងឱកាសពាណិជ្ជកម្មថ្មី ។ នៅខែកក្កដា ទំហំលក់រាយ ទំនិញប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង២,៧ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងបានកើនឡើង០,៧ភាគរយ បើប្រៀបធៀបនឹងខែមិថុនា ការប្រើប្រាស់ខាងសេវាកម្ម បានកើនឡើងយ៉ាងឆាប់បង្គួរ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយនៃមុខរបរសេវាកម្ម បានកើនឡើង៧,២ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ការប្រើប្រាស់បែបថ្មី ត្រូវបានត្រួសត្រាយឥតឈប់ឈរ ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ ប្រកបដោយភាពវៃឆ្លាត ការធ្វើទេសចរណ៍វប្បធម៌ និងផលិតផលពេញនិយមក្នុងស្រុក បានក្លាយជាចំណុចកំណើនថ្មី។
ការច្នៃប្រឌិតថ្មីជាកម្លាំងចលករគន្លឹះរបស់សហគ្រាសសម្រាប់ការអភិវឌ្ឍជានិរន្តរភាព ។ នៅខែកក្កដាតម្លែបន្ថែម នៃឧស្សាហកម្មកម្មន្តសាល បច្ចេកទេសខ្ពស់ធុនមធ្យមនិងធំបានកើនឡើង ១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ពីខែមករាដល់ខែកក្កដា ផលិតផលវៃឆ្លាតនិងបៃតង ដូចជាបរិក្ខារសិប្បនិម្មិត និងរថយន្តថាមពលថ្មីជាដើម បានរក្សាកំណើន២ខ្ទង់ ល្បឿនកំណើននៃការវិនិយោគលើឧស្សាហកម្មបច្ចេកទេសខ្ពស់ បានខ្ពស់ជាងការវិនិយោគទាំងអស់ ចំនួន៦,៨ភាគរយ ។ ការបង្កើតចំណុចកំណើនថ្មី មានអំណោយផលដល់ការបង្កើន កម្លាំងប្រតិបតិ្តរបស់សេដ្ឋកិច្ចចិន ។
បើមើលពីរយៈពេលវែងអាចឃើញថា បរិយាកាសប្រកបអាជីវកម្មជា កត្តាគន្លឹះដែលអាចសម្រេចកម្លាំងទាក់ទាញរបស់ទីផ្សារ ។ សហគ្រាសបរទេសជាច្រើនបានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកែលំអបរិយាកាសប្រកបអាជីវកម្ម ធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាត្រូវប្រមូលកម្លាំងជាមួយគ្នា ។ គោលនយោបាយ ដូចជាការធានាការផ្តល់ផលអនុគ្រោះ ដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេសជាដើម នឹងធ្វើឱ្យពួកគេអាចធ្វើអាជីវកម្ម ក្នុងបរិយាកាសទីផ្សារដែលកាន់តែ ប្រកបដោយភាពយុត្តិធម៌និងតម្លាភាព។
យោងតាមការអនុវត្តវិធានការកំណែទម្រង់ដ៏ធំនិងសំខាន់មួយចំនួន ប្រទេសចិននឹងជំរុញឱ្យសេដ្ឋកិច្ច មានភាពល្អប្រសើរ ជាបន្តបន្ទាប់ ក្នុងន័យសម្រេចបាន នូវគោលដៅសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ ក៏ដូចជានឹងចែករំលែកកាលានុវត្តភាព ជាមួយពិភពលោក ។ដូចនេះ ប្រទេសចិនបែបនេះនឹងក្លាយជា “ជម្រើសដែលចៀសមិនរួច” និងទីផ្សារដែលត្រូវគាំពារ របស់ទុនបរទេសជាច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន