(ប៉េកាំង)៖ និយាយដល់ការប្រគំតន្ត្រី វាមិនមែនជារឿងចម្លែកអ្វីទេសម្រាប់យើងទាំងអស់គ្នា ពីព្រោះវាជារឿងដែលយើង បានដឹងនិងបានស្គាល់យ៉ាងច្បាស់ មិនថាយើងធ្លាប់ទៅទស្សនានៅឯឆាកប្រគំតន្ត្រីផ្ទាល់ ឬទស្សនាតាមកញ្ចក់ទូរទស្សន៍នោះទេ។ តែបើនិយាយដល់ការប្រគំតន្ត្រីលើវាលខ្សាច់វិញ ប្រហែលមិនសូវមានអ្នកដឹងឮទេ។
ក្រុង ទួនហួង ដែលស្ថិតនៅភាគពាយព្យនៃខេត្ត កានស៊ូ ប្រទេសចិន ជាទីក្រុងបុរាណដ៏ល្បីឈ្មោះដោយសារមាន រមណីយដ្ឋានប្រវត្តិសាស្ត្រនិងអរិយធម៌ដ៏ចំណាស់ ។ ចម្លាក់ថ្មនៅរូងថ្ម ម៉ក់កាវ និងគំនូរលើជញ្ជាំងនៅក្នុងរូងភ្នំ ជាស្នាដៃវិចិត្រសិល្បៈបុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាតឹកតាងប្រវត្តិសាស្ត្រដ៏រស់រវើកដែលឆ្លុះបញ្ជាំងពី អរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់និងយូរលង់របស់ប្រទេសចិន។
ក្រៅអំពីបុរាណដ្ឋាន វាលខ្សាច់ក៏ជា ប្រភពធនធានទេសចរណ៍ដ៏សំខាន់នៃខេត្ត កានស៊ូ ផងដែរ។ ផ្អែកលើធនធានវាលខ្សាច់ ដែលមានទំហំរហូតដល់ទៅជាង ៥០% នៃទំហំផ្ទៃដីនៃខេត្តទាំងមូល រដ្ឋបាលតំបន់នានានៃខេត្ត កានស៊ូ បានបង្កើតឧទ្យានជាតិវាលខ្សាច់ជាច្រើន ដែលជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ។ ក្នុងនោះ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ជាឧទ្យានជាតិវាលខ្សាច់មួយដែលទទួលបាន ការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
កាលពីវិស្សមកាលរដូវក្តៅនៃឆ្នាំ ២០២៣ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានបញ្ចេញនូវផលិតផលទេសចរណ៍ បែបច្នៃប្រឌិតថ្មី ពោលគឺ «ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ ក្រោមពន្លឺផ្កាយដែលរះពេញមេឃ» ដែលទទួលបានការគាំទ្រយ៉ាងច្រើន កុះករពីសំណាក់ភ្ញៀវទេសចរ ពិសេសក្នុងចំណោមយុវជន។ នៅក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ ការប្រគំតន្ត្រីនេះបានប្រារព្ធឡើង ជាលើកទី ២ តាមពេលកំណត់ ដែលបាននាំមក នូវបទពិសោធដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរ។
តាមទិន្នន័យនៃព័ត៌មានទេសចរណ៍ខេត្ត កានស៊ូ ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែសីហា រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ទទួលបានភ្ញៀវទេសចរណ៍សរុប ២៣០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៤ នេះ ដែលមានកើនឡើង ៥០ ម៉ឺននាក់ ត្រូវជាប្រមាណ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ ក្នុងនោះ ចំនួនអ្នកចូលទស្សនាការប្រគំតន្ត្រីលើវាលខ្សាច់ក្នុងមួយយប់ មានប្រមាណជា ៧-៨ ម៉ឺននាក់។
រូបមន្ត «តន្ត្រី+ទេសចរណ៍» ដែលជាផលិតផលទេសចរណ៍ប្រណីត ទើបបញ្ចេញថ្មីរបស់រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានផ្តល់ជម្រើសកាន់តែច្រើនជូនដល់ភ្ញៀវទេសចរ ពោលគឺពេលថ្ងៃរីករាយជាមួយ ទេសភាពធម្មជាតិនៃវាលខ្សាច់ ពេលយប់បណ្តែតអារម្មណ៍ជាមួយបទចម្រៀងពីរោះៗ។ ទិដ្ឋភាពដែលមនុស្សរាប់ម៉ឺននាក់ ជួបជុំគ្នានៅលើវាលខ្សាច់ ដើម្បីស្តាប់ការប្រគំតន្ត្រី ឬនាំគ្នាច្រៀងតាមចង្វាក់ភ្លេង ពិសេសគ្រាន់តែងើយមើលមេឃ ក៏អាចមើលឃើញហ្វូងផ្កាយ ដែលរះព្រោងព្រាតឰដ៏អាកាស ដែលជាការសោយអារម្មណ៍ទាំងសោតវិញ្ញាណ និងចក្ខុវិញ្ញាណ។
ពេលច្រៀងចប់ប៉ុន្មានបទ ដ្រូនចំនួន ៦០០ គ្រឿងបានហោះឡើងជាសន្សឹមៗ ហើយហោះក្រវែលចុះឡើងតាមចង្វាក់ភ្លេង បន្ទាប់មកតម្រៀបគ្នាជាអក្សរចិនដូចជា «ណាត់ជួបគ្នានៅក្រុងទួនហួង» និង «ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ ក្រោមពន្លឺផ្កាយ ដែលរះពេញមេឃ» ជាដើម ដែលបានបង្កបរិយាកាសកាន់តែសប្បាយរីករាយ និងកាន់តែជក់ចិត្តដិតអារម្មណ៍ សម្រាប់ទស្សនិកជន។ ក្រោយពីចប់ការប្រគំតន្ត្រី មានភ្ញៀវទេសចរជាច្រើនដែលអាឡោះអាល័យមិនចង់ចាកចេញ បាននាំគ្នាប្រះខ្លួនទម្រេតលើវាលខ្សាច់ សម្លឹងមើលផ្កាយដែលរះពេញមេឃ ទទួលយកភាពរ៉ូម៉ែនទិច ដែលមិនធ្លាប់មានក្នុងឆាកជីវិត។
តាំងពីបុរាណមក ប្រជាជនចិនក៏ប្រសប់ក្នុងការផ្សារភ្ជាប់មនោគតិទៅនឹង ការពិតជាក់ស្តែងដែលបង្កើតបានជាការច្នៃប្រឌិតថ្មី និងក្លាយជាវប្បធម៌ដ៏ពិសេសនៃបូព៌ាប្រទេស។ ការច្នៃប្រឌិតថ្មីនូវផលិតផលទេសចរណ៍ដែលដាក់បញ្ចូល នូវភាពរ៉ូម៉ែនទិចបែបចិននិងបច្ចេកវិទ្យាទំនើប បានក្លាយជាចំណុចទាក់ទាញថ្មី ចំពោះទេសចរជាតិនិងអន្តរជាតិ ហើយនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបានសម្រាប់ទេសចរគ្រប់រូប។
ស្របនឹងការដាក់ចេញគោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនក៏បានដាក់ចេញជាបន្តបន្ទាប់ នូវគោលនយោបាយកែលម្អគុណភាព និងសេវាកម្មទេសចរណ៍ផងដែរ តួយ៉ាងដូចជាការលើកលែងទិដ្ឋាការទៅវិញទៅមក ឬដោយឯកតោភាគីជាមួយប្រទេស កាន់តែច្រើនឡើងៗ ពិសេសការលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងសម្រាប់ការឆ្លងកាត់ប្រទេសចិន បាននាំឱ្យជនបរទេសដែលធ្វើដំណើរឆ្លងកាត់ប្រទេសចិន អាចចូលទស្សនាកម្សាន្តប្រទេសចិន ក្នុងរយៈពេលខ្លីយ៉ាងងាយស្រួល។ ជារួម ផលិតផលទេសចរណ៍ ដែលប្រកបដោយភាពចំណាស់ ផ្នែកអរិយធម៌និងវប្បធម៌បូករួមជាមួយភាពទំនើបទាន់សម័យ និងភាពរ៉ូម៉ែនទិចបែបចិន បានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់មិត្តបរទេសស្វែងយល់អំពីប្រទេសចិន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន