(ហាណូយ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ គណបក្សកុម្មុយនិស្តវៀតណាម បានបញ្ចូលរដ្ឋមន្រ្តីសន្តិសុខ ទៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពល ខណៈវាគឺជាសញ្ញាថ្មីមួយទៀត នៃការកើនឡើងអំណាចនយោបាយ របស់ស្ថាប័នសន្តិសុខនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។
ការដំឡើងឋានៈរបស់លោក Luong Tam Quang អាយុ៥៨ឆ្នាំ ធ្វើឡើងក្នុងរយៈពេលតិចជាង២ខែ បន្ទាប់ពីរូបលោកបានក្លាយជា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម ជំនួសលោក To Lam ដែលត្រូវបានតែងតាំងជាប្រធានាធិបតី កាលពីខែឧសភា។ រីឯកាលពីដើមខែសីហានេះ លោក Lam បានកាន់តួនាទីបន្ថែមមួយទៀត គឺអគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលជាតំណែងមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីលោក Nguyen Phu Trong បានទទួលមរណភាព។ លោក Quang ត្រូវគេស្គាល់ថា ជាមនុស្សជំនិតរបស់លោក Lam។
ជាផ្លូវការ វៀតណាមមិនមានមេដឹកនាំកំពូលផ្តាច់មុខឡើយ គឺគ្រប់គ្រងដោយប្រព័ន្ធគេហៅថា សសរស្តម្ភទាំង៤ ដែលនៅក្នុងនោះរួមមាន អគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា។ ទោះជាបែបនេះក្តី បើតាមជាក់ស្តែងវិញ តំណែងអគ្គលេខាធិការបក្ស គឺជាតំណែងមានឥទ្ធិពលលើគេបង្អស់ ស្មើនឹងមេដឹកនាំកំពូលរបស់ប្រទេស។ តួនាទី៣ នៅក្នុងសសរស្តម្ភទាំង៤នោះ បច្ចុប្បន្នត្រូវបានកាន់ដោយ ក្រុមអតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ លើកលែងតែតំណែងប្រធានសភាប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ការបញ្ចូលលោក Quang ជាសមាជិកនៃការិយាល័យនយោបាយ គឺជាផ្នែកមួយនៃផែនការរុះរើសមាជិក របស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២១-២០២៦។ បក្សកុម្មុយនិស្តវៀតណាម ត្រូវគេរំពឹងថា នឹងធ្វើការរុះរើថ្នាក់ដឹកនាំកំពូលរបស់ខ្លួន អំឡុងសមាជឆ្នាំ២០២៦៕