(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញមេដឹកនាំគណបក្សនយោបាយមកពីសភាទាំងពីរ មកពិភាក្សាគ្នាដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៣ ខែសីហា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។
ការបោះឆ្នោតសភាកាលពីខែកក្កដា បានធ្វើឱ្យគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយក្រុមនយោបាយកណ្តាលរបស់លោក ម៉ាក្រុង ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ក្រោយការបោះឆ្នោត រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី កាព្រីយ៉ែល អាតាល់ បានបន្តដឹកនាំប្រទេសបារាំង រហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិក ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។
ដោយសារមានការផ្អាកបណ្តោះអាសន្ននៃជម្លោះនយោបាយក្នុងអំឡុងពេលអូឡាំពិក លោក ម៉ាក្រុង មានបំណងតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅពាក់កណ្តាលខែសីហា។ រហូតមកដល់ពេលនេះ លោកបានបដិសេធមិនព្រមទទួលយកបេក្ខជន ដែលស្នើឡើងដោយសម្ព័ន្ធភាពឆ្វេងនិយម ដែលជាសម្ព័ន្ធភាពដែលឈ្នះឆ្នោតនោះទេ។
ការិយាល័យរបស់លោក ម៉ាក្រុង បានប្រកាសថា គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ជាមួយប្រធានក្រុមគណបក្សនយោបាយនៅក្នុងសភា និងព្រឹទ្ធសភា គឺដើម្បី «បង្កើតសំឡេងភាគច្រើនដែលមានលក្ខណៈទូលំទូលាយ និងស្ថិរភាពបំផុត ដើម្បីបម្រើប្រទេសជាតិ»។
សេចក្តីប្រកាសបានបន្ថែមថា «ប្រជាជនបារាំងបានបង្ហាញពីបំណងប្រាថ្នាចង់បានការផ្លាស់ប្តូរ និងការឯកភាពគ្នាយ៉ាងទូលំទូលាយ។ មេដឹកនាំនយោបាយទាំងអស់ត្រូវតែខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នានេះ»។
ប្រភពជិតស្និទ្ធនឹងលោក ម៉ាក្រុង បានឱ្យដឹងថា លោកប្រធានាធិបតីជឿថា សភាបច្ចុប្បន្នមានទំនោរទៅរកនយោបាយកណ្តាល ឬកណ្តាលស្តាំ ដូច្នេះនាយករដ្ឋមន្ត្រីថ្មីគួរតែអាចសហការជាមួយក្រុមនយោបាយកណ្តាលនិយមទាំងអស់៕