(ម៉ានីល)៖ ហ្វីលីពីនបានព្យាយាមធានាដល់ចិនថា វត្តមានប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន មិនបង្កការគំរាមកំហែងដល់ចិនឡើយ ហើយនឹងមិនក្លាយជាកត្តាធ្វើឱ្យតំបន់មានអស្ថិរភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។
ការធានានេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងពីក្តីបារម្ភអំពីវត្តមានប្រព័ន្ធមីស៊ីលនេះ ដែលលោកបានពណ៌នាថាជា «ការបង្កអស្ថិរភាព» ក្នុងកិច្ចចរចាទ្វេភាគីនៅឡាវ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានធានាដល់លោក វ៉ាង ថាវត្តមាននៃប្រព័ន្ធនេះមិនមានការគំរាមកំហែងទេ ហើយបានបញ្ជាក់ថា មីស៊ីលទាំងនោះ គឺគ្រាន់តែមានវត្តមានបណ្តោះអាសន្នប៉ុណ្ណោះ។
ទោះបីជាមានការធានាពីហ្វីលីពីន ក៏ភាគីចិននៅតែបារម្ភ ដោយលោក វ៉ាង បានព្រមានថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិកអាចបង្កឱ្យមានភាពតានតឹងក្នុងតំបន់ និងនាំឱ្យមានការប្រណាំងអាវុធ។
ទន្ទឹមនឹងនេះ ភាពតានតឹងរវាងចិន និងហ្វីលីពីនក៏កាន់តែកើនឡើង ជាពិសេសទាក់ទងនឹងទឹកដីដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនក៏បានចោទប្រកាន់កងទ័ពអាកាសចិនថា បានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់នៅ Scarborough Shoal ដែលជាតំបន់មានជម្លោះ ប៉ុន្តែចិនបានបដិសេធការចោទប្រកាន់នេះ។
លើសពីនេះ លោក Manalo ក៏បានបង្ហាញក្តីសង្ឃឹមថា ចិននឹងគោរពតាមកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយហ្វីលីពីន ដែលអនុញ្ញាតឱ្យហ្វីលីពីនដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់នាវាមួយដែលបានជាប់គាំងនៅតំបន់ Second Thomas Shoal ដែលក៏ជាតំបន់មានជម្លោះមួយផ្សេងទៀត។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅហ្វីលីពីនកាលពីខែមេសា ក្នុងក្របខណ្ឌនៃសមយុទ្ធយោធារួមគ្នា។ នេះជាលើកដំបូងដែលប្រព័ន្ធមីស៊ីលប្រភេទនេះត្រូវបានដាក់ពង្រាយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕