(ហាណូយ)៖ ក្រុមមន្រ្តីនិយាយថា ការតភ្ជាប់គ្នាតាមរយៈផ្លូវដែកនឹងស្ថិតលើរបៀបវារៈសំខាន់ នៅពេលដែលប្រធានាធិបតីវៀតណាម លោក To Lam ធ្វើដំណើរទៅកាន់ចិន ដើម្បីជួបលោកប្រធានាធិបតី Xi Jinping នាសប្តាហ៍ក្រោយ ខណៈប្រទេសជិតខាងទាំងពីរ កំពុងស្វែងរកការជំរុញពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់ លោក Lam ទៅចិន នឹងផ្តោតទៅលើការអនុវត្តកិច្ចព្រមព្រៀង ដែលត្រូវចុះហត្ថលេខា និងកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ តាមមន្រ្តីវៀតណាមម្នាក់ កិច្ចព្រមព្រៀងដែលត្រូវបានរំពឹងទុក គឺរួមមានទាំងផ្លូវរថភ្លើង ការវិនិយោគ និងពាណិជ្ជកម្មផលិតផលកសិកម្ម។
ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ លោក Xiong Bo បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសប្តាហ៍នេះថា ភាគីទាំងពីរបាននិងកំពុងរៀបចំផែនការចំនួន ៣ ដូចជាការបង្កើនការនាំចេញតាមរថភ្លើង ពីទីក្រុង Lao Cai ទៅកាន់ទីក្រុងកំពង់ផែ Haiphong កាត់តាមទីក្រុងហាណូយ និងពីទីក្រុង Lang Son ទៅទីក្រុងហាណូយ ក៏ដូចជាការកសាងបណ្តោយឆ្នេរពីទីក្រុង Mong Cai ទៅទីក្រុង Haiphong។
គួរបញ្ជាក់ថា ការតភ្ជាប់តាមបណ្តាញផ្លូវដែក ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ដោយសារតែក្រុមហ៊ុនចិនកាន់តែច្រើន បានផ្លាស់ប្តូរប្រតិបត្តិការតម្រង់ទិសនាំចេញមួយចំនួនទៅវៀតណាម ចំពេលមានភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក។ ប្រទេសទាំងពីរ តភ្ជាប់គ្នាដោយផ្លូវរថភ្លើងចេញពីភាគខាងត្បូងប្រទេសចិន ទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាម និងតំបន់ឧស្សាហកម្មភាគខាងត្បូង ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធវៀតណាម ដែលសល់ពីសម័យអាណានិគមបារាំង និងសន្ទុះនៃផ្លូវដែកល្បឿនលឿនរបស់ចិន បង្ខំឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ប្តូរទៅធ្វើឡើងតាមរថភ្លើងនៅឯព្រំដែន៕