(ប៉េកាំង)៖ កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ ។ ថ្វីត្បិតតែការប្រកួតវិញ្ញាសានៅលើ ឆាកប្រកួតកីឡាបានបញ្ចប់ក្តី ក៏ប៉ុន្តែការប្រយុទ្ធដើម្បីគាំពារស្មារតីនៃកីឡា នៅតែដំណើរការដដែល ហើយរឿងអាស្រូវអំពីសារធាតុជំនួយកម្លាំង នៅក្នុងសហរដ្ឋអាមេរិក បន្តឡើងកម្តៅទៀតផង។
នៅយប់ថ្ងៃទី ៧ ខែសីហានេះ តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងដូប៉ាពិភពលោក (WADA) បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) បានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួន ដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងចូលរួម ការប្រកួតដែលក្នុងនោះ មានករណីយ៉ាងហោចណាស់ មួយលើកដែលមិនបានប្រកាសជាសាធារណៈ ឬមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើ ដែលល្មើសនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង សារធាតុជំនួយកម្លាំង ប្រការនេះបានល្មើសដោយផ្ទាល់ នូវ «បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក» ផង ហើយក៏បានល្មើសនឹងបទប្បញ្ញត្តិ នៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) ផងដែរ។
ព្រមពេលជាមួយគ្នានេះ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិ តាមបណ្តាញអ៊ីនធឺណែតមួយលើក ដែលរៀបចំដោយបណ្តាញទូរទស្សន៍សកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥,០១ ភាគរយថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាមេរិក ដែលបានប្រើកលល្បិចថោកទាបដើម្បីបង្រ្កាប គូប្រជែងដោយយកបញ្ហាកីឡាធ្វើជាលេសព្រមទាំងរិះគន់ថា ទង្វើនេះគឺជាការជាន់ឈ្លីលើកីឡាអូឡាំពិករបស់ "អនុត្តរភាពបែបអាមេរិក"។
ខណៈពេលដែលប្រទេសខ្លួនកើតមាន បញ្ហាសារធាតុជំនួយកម្លាំងដ៏ធ្ងន់ធ្ងរ ប្រព័ន្ធសារព័ត៌មាននិងស្ថាប័នមួយចំនួន របស់អាមេរិកបែរជាបានយក "បញ្ហាសារធាតុជំនួយកម្លាំង" ធ្វើជាលេសដើម្បីរករឿងទៅលើកីឡាករប្រទេសដទៃទៀត និងរំខានដល់ស្ថានភាពប្រកួតរបស់ពួកគេផង ហើយក៏បានប្រើអំណាចដៃវែងមកជ្រៀតជ្រែកយ៉ាងកម្រោល នូវការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងរបស់ប្រទេសផ្សេងទៀត។ ហេតុនេះហើយ កីឡាករហែលទឹកចិន ក៏រងការរំខានយ៉ាងធ្ងន់ធ្ងរពីករណីនេះ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាស ដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិក ក្នុងការប្រកួតវិញ្ញាសានេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាហែលទឹកបែបសេរី ៤*១០០ ម៉ែត្រផ្នែកបុរស កីឡាករចិនឈ្មោះ Pan Zhanle ដណ្តើមបានមេដាយមាស ដោយមានប្រៀបខ្លាំង ប៉ុន្តែគាត់បានរងការចោទជាមន្ទិលសង្ស័យ អំពីបញ្ហាសារធាតុជំនួយកម្លាំងម្តងទៀត ពីប្រព័ន្ធសារព័ត៌មានលោកខាងលិច។ ដូច្នេះ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានបញ្ជាក់យ៉ាងជាក់លាក់ថា ក្រុមកីឡាហែលទឹកចិន "បានឆ្លងកាត់នូវការធ្វើតេស្តដោយគ្រប់ជ្រុងជ្រោយ "។
នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអត្ថបទមួយដោយបានលើកឡើងថា អាមេរិកបានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួន ដែលបានប្រើប្រាស់ សារធាតុជំនួយកម្លាំងធ្វើជាអ្វីដែលហៅថា "អ្នកផ្តល់តម្រុយសម្ងាត់" ដើម្បីផ្តល់ព័ត៌មានអំពីកីឡាករ ដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងផ្សេងទៀត និងលើកលែងការផាកពិន័យចំពោះពួកគេ ។ អ្វីដែលហៅថា "អ្នកផ្តល់តម្រុយសម្ងាត់" ទាំងនេះអាចចូលរួម ការប្រកួតជាមួយកីឡាករផ្សេងទៀត ។
នៅថ្ងៃដដែល អង្គការប្រឆាំងដូប៉ាពិភពលោក (WADA) បានចេញផ្សាយសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតប នឹងអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា អង្គការនេះបានទទួលដំណឹងថា ចាប់តាំងពីឆ្នាំ ២០១១ មក ក្នុងករណីយ៉ាងហោចណាស់ចំនួន ៣ លើក ទីភ្នាក់ងារអាមេរិក ប្រឆាំងដូប៉ា(USADA)បានលើកលែងការចោទប្រកាន់និងផាកពិន័យ ចំពោះកីឡាករដែលបានប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតនិង EPO ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួម ការប្រកួតជាបន្តទៀតរហូតដល់ការចូលនិវត្តន៍។
អាកប្បកិរិយានិងសំឡេងអំពាវនាវទាំងនេះ បានបញ្ជាក់ពីបញ្ហាដ៏ធ្ងន់ធ្ងរដែលបាននិងកំពុង កើតឡើងក្នុងការប្រកួតកីឡាអាមេរិក ពោលគឺ ពួកគេបានប្រើប្រាស់សារធាតុជំនួយកម្លាំង ដោយទ្រង់ទ្រាយធំ មានការរៀបចំចាត់ចែង និងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ធ្វើឱ្យសហគមន៍អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ថា ដើម្បីរក្សាអ្វីដែលហៅថា "តំណែងមុខ" របស់ខ្លួន អាមេរិកបានប្រព្រឹត្តិទង្វើចោរស្រែកចាប់ចោរ និងប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង។
តើបញ្ហាប្រើសារធាតុជំនួយកម្លាំងក្នុងចំណោមកីឡាករអាមេរិក មានសភាពធ្ងន់ធ្ងរដល់កម្រិតយ៉ាងណា ? ខណៈពេល សហរដ្ឋអាមេរិកបានវាយប្រហារ កីឡាករប្រទេសដទៃទៀតដោយយក "សារធាតុជំនួយកម្លាំង" ធ្វើជាលេស ទង្វើប្រើ "ស្តង់ដារពីរ" របស់ខ្លួនក៏ត្រូវបានបែកធ្លាយដែរ។ កាលពីខែមីនា ឆ្នាំ ២០២៤ លោក Erriyon Knighton អត្តពលិករបស់អាមេរិក ត្រូវបានរកឃើញ លទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តថ្នាំស្តេរ៉ូអ៊ីត ប៉ុន្តែទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានដោះសាថា នេះគឺដោយមកពីកីឡាករបានទទួលទានសាច់ដែលត្រូវបំពុល ដូច្នេះ ក៏បានសម្រេចចិត្តថា មិនបានដាក់ពិន័យ ហាមមិនឱ្យចូលរួមការប្រកួតចំពោះគាត់ទេ ហើយបានអនុញ្ញាតឱ្យគាត់ ចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។
លើសពីនេះទៅទៀត លោក Carl Lewis ម្ចាស់មេដាយមាស នៃការប្រកួតកីឡាអូឡាំពិកចំនួន ៩ គ្រឿង របស់អាមេរិកធ្លាប់បានទទួលសារភាពថា ទោះបីជាគាត់ត្រូវបានរកឃើញ លទ្ធផលវិជ្ជមាន ក្នុងការធ្វើតេស្តចំនួន ៣ លើកមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ ១៩៨៨ ក៏ដោយ ក៏ប៉ុន្តែគាត់ត្រូវបានលើកលែង ការចោទប្រកាន់និងផាកពិន័យ នៅទីបំផុត។ លោក Justin Gatlin ជើងឯកកីឡារត់ចម្ងាយ ១០០ ម៉ែត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងអាថែន ត្រូវបានរកឃើញលទ្ធផលវិជ្ជមាន ក្នុងការធ្វើតេស្តចំនួនពីរលើក ដោយអនុលោមតាមច្បាប់កំណត់ពាក់ព័ន្ធ គាត់ត្រូវរងពិន័យហាមមិនឱ្យចូលរួម ការប្រកួតអស់មួយជីវិត។
យ៉ាងណាមិញ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា (USADA) បានព្យាយាមដោះសាពីទំនួលខុសត្រូវរបស់គាត់ ចុងបំផុតបានកាត់បន្ថយរយៈពេល ហាមមិនឱ្យចូលរួមការប្រកួតមកនៅត្រឹមតែ ៤ ឆ្នាំ ។ ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុនវិទ្យុផ្សាយសម្លេង នៃប្រទេសកាណាដាធ្លាប់បានទម្លាយកាលពីមុនឱ្យដឹងថា ក៏មានកីឡាករអាមេរិកជាច្រើន បានដាក់ពាក្យស្នើសុំសិទ្ធិប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាលជំងឺ "ដើម្បីធ្វើឱ្យពួកគេអាចប្រើប្រាស់ឱសថហាមឃាត់ដោយស្របច្បាប់ ។
អ្នកផងទាំងពួងចង់សួរថា បើសិនជាកីឡាករប្រទេសផ្សេងទៀតដឹងថា ពួកគេបានចូលរួមការប្រកួតជាមួយបុគ្គល ដែលប្រើប្រាស់សារធាតុជនួយកម្លាំង ក្រោមការអនុញ្ញាតពីទីភ្នាក់ងារអាមេរិក ប្រឆាំងដូប៉ា (USADA) នោះ ពួកគេនឹងមានអារម្មណ៍យ៉ាងណា? ទង្វើបែបនេះមិនត្រឹមតែបានបំផ្លាញដល់ ភាពយុត្តិធម៌នៃការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងក៏បានគំរាមកំហែងដល់ សុវត្ថិភាពរបស់កីឡាករពាក់ព័ន្ធផងដែរ។ ទង្វើដែលប្រើស្តង់ដារពីរបែបនេះបានធ្វើឱ្យ សហគមន៍អន្តរជាតិមិនពេញចិត្តជាទូទៅ។
ការប្រកួតកីឡាអូឡាំពិកលើកក្រោយ នឹងរៀបចំធ្វើនៅទីក្រុង los Angeles សហរដ្ឋអាមេរិក ដើម្បីឱ្យពិភពលោកមានជំនឿចិត្ត ឡើងវិញចំពោះកីឡាអាមេរិក ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ "ការប្រើអំណាចដៃវែង" ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះ កំហុសរបស់ខ្លួន ហើយផ្តល់ការបកស្រាយអំពីរឿងប្រើប្រាស់ សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំ ដល់ពិភពលោកទាំងមូល។
ក្នុងរឿងអាស្រូវអំពីការប្រើប្រាស់សារធាតុជំនួយកម្លាំងលើកនេះ មជ្ឈដ្ឋានកីឡាសកលកំពុងប្រឈមមុខនឹងសាកល្បងដ៏តឹងរ៉ឹង ប៉ុន្តែវាក៏បានបង្កប់នូវកាលានុវត្តភាពដ៏ធំធេងផងដែរ។ ការធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធប្រយុទ្ធប្រឆាំង សារធាតុជំនួយកម្លាំងអន្តរជាតិ និងភាពយុត្តិធម៌នៃក្បួនច្បាប់កីឡាសកល នឹងជាគន្លឹះសម្រាប់ការអភិវឌ្ឍ បុព្វហេតុកីឡានាពេលអនាគត។ ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុកីឡាសកល ប្រទេសចិននឹងបន្តជំរុញ ការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំង ដើម្បីគាំពារសមភាព និងភាពយុត្តិធម៌លើវិស័យកីឡា។
យើងរំពឹងថា នៅក្នុងពិភពកីឡានាពេលអនាគត ស្មារតីនៃការប្រកួតប្រជែងដោយយុត្តិធម៌ នឹងត្រូវបង្ហាញយ៉ាងពេញលេញ ហើយបុព្វហេតុកីឡាសកល នឹងបើកទំព័រសករាជថ្មី នៃការអភិវឌ្ឍដែលមានភាពកាន់តែល្អបរិសុទ្ធ និងយុត្តិធម៌៕
វិទ្យុមិត្តភាពកម្ពុជាចិន