(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងសប្តាហ៍នេះថា រុស្ស៉ីនិងអ៊ុយក្រែន គួរតែព្យាយាមនិយាយចរចាគ្នា ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។
លោក Lukashenko បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលអ៊ុយក្រែន កំពុងរក្សាការវាយលុករបស់ខ្លួនចូលក្នុងទឹកដីរុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែសីហា នៅពេលកងកម្លាំងរបស់ទីក្រុងកៀវ ចំនួនរាប់ពាន់នាក់ បានវាយឆ្មក់ទម្លុះចូល ព្រំប្រទល់ភាគខាងលិចរបស់រុស្ស៉ី។ លោកប្រធានាធិបតីបេឡារុស បានបន្តទៀតថា ក្រុមលោកខាងលិច ដែលកំពុងបន្តជំរុញឱ្យទីក្រុងកៀវប្រយុទ្ធជាមួយទីក្រុងមូស្គូ គឺដោយសារពួកគេចង់ឱ្យអ៊ុយក្រែននិងរុស្ស៉ី បំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។
លោក Lukashenko បានបន្ថែមថា ជំនួសការបណ្តោយឱ្យសង្រ្គាមអូសបន្លាយរកទីបញ្ចប់មិនឃើញ ភាគីទាំងសងខាងគួរតែអង្គុយចុះ ហើយនិយាយចរចាគ្នា ដើម្បីបញ្ចប់ជម្លោះនេះ ដោយលោកអះអាងថា ទាំងប្រជាជនអ៊ុយក្រែន និងទាំងប្រជាជនរុស្ស៉ី សុទ្ធតែមិនចង់បានសង្រ្គាមឡើយ ប៉ុន្តែមានតែលោកខាងលិចប៉ុណ្ណោះ ដែលត្រូវការសង្រ្គាមនេះ។ លោក Lukashenko បានប្រកាន់ជំហរជាអ្នកគាំទ្រចម្បងរបស់លោក ពូទីន ចាប់តាំងពីលោកប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយអំឡុងពេលនោះ ទឺកដីបេឡារុសក៏ត្រូវបានប្រើប្រាស់ ជាទីតាំងមួយផងដែរ សម្រាប់ឱ្យរុស្ស៉ីវាយចូលអ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៉ីបាននិយាយថា ខ្លួននឹងពង្រឹងការការពារព្រំដែនរបស់ខ្លួន ខណៈប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន នៅតំបន់ Kursk ភាគខាងលិចប្រទេស។ ទីក្រុងកៀវអះអាងថា កងកម្លាំងរបស់ខ្លួន បានរុលចូលទឹកដីរុស្ស៉ី ចម្ងាយប្រហែល៣៥គីឡូម៉ែត្រ គិតចាប់តាំងពីសប្តាហ៍មុន ហើយកំពុងតែបន្តវាតទីទៅមុខទៀត៕