(ឆៀងម៉ៃ)៖ អំឡុងទស្សនកិច្ចនាថ្ងៃសុក្រនេះ នៅឯប្រទេសថៃ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ចិននឹងគាំទ្រការធ្វើអន្តរកាលប្រជាធិបតេយ្យ នៅប្រទេសមីយ៉ាន់ម៉ា ហើយនឹងជ្រោមជ្រែងផែនការថ្នាក់តំបន់ ដើម្បីស្វែងរកច្រកចេញ សម្រាប់វិបត្តិដ៏រ៉ាំរ៉ៃ ក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

ការអត្ថាធិប្បាយរបស់លោក Wang ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅប្រទេសថៃ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយ ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing អំឡុងទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងសប្តាហ៍នេះ។ លោកប្រមុខការទូតចិនបានបន្តថា ចិននឹងនៅតែបន្តការប្តេជ្ញារបស់ខ្លួន ដើម្បីជួយស្តារសុខសន្តិភាព និងស្ថិរភាពដល់មីយ៉ាន់ម៉ា សាជាថ្មីឡើងវិញ។

យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ចិនបានសន្យាផ្តល់ការគាំទ្រ​ផ្នែកបច្ចេកទេសព្រមទាំងជំនួយ សម្រាប់ការធ្វើជំរឿន ក្រោយការបោះឆ្នោតសាកលថ្មី ដែលរបបសឹកមីយ៉ាន់ម៉ា សន្យារៀបចំឡើង​នៅឆ្នាំក្រោយ។ ដោយកំពុងស្ថិតនៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការ Lancang-Mekong លោក Wang បានបន្ថែមថា ចិនក៏គាំទ្រផែនការសន្តិភាព ដែលត្រូវបានព្រមព្រៀងដោយក្រុមប្រទេសអាស៊ាន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ផងដែរ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធា បានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី Aung San Suu Kyi។ សព្វថ្ងៃទឹកដីមីយ៉ាន់ម៉ាមួយភាគធំ បានក្លាយជាសមរភូមិ រវាងក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារយោធា ហើយនិងកងកម្លាំងរបបសឹក៕