(បាងកក)៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការបោះឆ្នោតជ្រើសតាំងនេះធ្វើឡើងក្នុងសំឡេងគាំទ្រ ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ ២៧ ហើយសំឡេងគាំទ្រនេះ លើសពីសំឡេង២៤៧ដែលអ្នកស្រី ផែថងថាន ត្រូវការដើម្បីអាច ក្លាយជានាយករដ្ឋមន្ត្រី។ បន្ថែមពីលើនេះ ការតែងតាំងនេះដែរបានឱ្យអ្នកស្រី ផែថងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ផងដែរ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែល មកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី Paetongtarn។
សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសអ្នកស្រី ផែថងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
* តើអ្នកស្រី ផែថងថាន ជានរណា?
កើតនៅឆ្នាំ១៩៨៦ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺជាកូនស្រីពៅ នៅក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។ អ្នកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្ត ហើយបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋារគារ អន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ អ្នកស្រី ផែថងថាន ដែលមានឈ្មោះហៅក្រៅ Ung-Ing ត្រូវបានគេចាត់ទុកជាសហគ្រិន ជាស្ត្រីដ៏ជោគជ័យម្នាក់។ ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស អ្នកស្រីបានត្រឡប់មកជួយដឹកនាំកិច្ចការរកស៊ីរបស់គ្រួសារ។
អ្នកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន SC Asset Corporation Public Company Limited និងជាក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thaicom Foundation។ អ្នកស្រីក៏មាន ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះរួមមានសណ្ឋាគារ Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ហើយគិតជាសរុបអ្នកស្រីមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនចំនួន២១។
អ្នកស្រី ផែថងថាន បានប្រឡូកចូលនយោបាយជាផ្លូវការក្នុងអាយុ៣៦ឆ្នាំ និងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយ បានក្លាយជាមេដឹកនាំគណបក្សមួយនេះកាលពីខែតុលា ឆ្នាំ២០២៣។ អ្នកស្រីគឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ជាមួយលោកស្រី Khunying Potjaman Damapong។ អ្នកស្រី ផែថងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាពីឡុតបើកយន្ដហោះអាកាសចរណ៍ស៊ីវិល និងមានកូន២នាក់៕