(ហ្សាការតា)៖ ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសឥណ្ឌូណេស៉ី លោក Prabowo Subianto ទើបធានាបានសំឡេងគាំទ្រភាគច្រើន នៅក្នុងសភា បន្ទាប់ពីគណបក្សដែលពីមុនមក បានគាំទ្រគូប្រជែងរបស់លោក ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ បានប្រកាសក្នុងសប្តាហ៍នេះថា នឹងមកចូលរួមក្នុងក្រុមចម្រុះរបស់លោកដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។
គណបក្ស NasDem ដែលមានអាសនៈប្រហែល១០ភាគរយ នៅក្នុងសភា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងចូលរួមគាំទ្ររដ្ឋាភិបាលរបស់លោក Prabowo ខណៈប្រការនេះនឹងធ្វើឱ្យការគ្រប់គ្រងចំនួនអាសនៈសភា នៃក្រុមគណបក្សចម្រុះរបស់លោក កើនពី៤៣ភាគរយនាពេលបច្ចុប្បន្ន ឡើងដល់៥២ភាគរយ។ ការកាន់កាប់សំឡេងភាគច្រើន នៅក្នុងសភា នឹងជួយធ្វើឱ្យរលូននូវដំណើរការអនុម័ត សេចក្តីព្រាងឬស្នើច្បាប់ផ្សេងៗ រួមមានទាំងកញ្ចប់ថវិកាឆ្នាំ២០២៥ ដែលប្រធានាធិបតីឥណ្ឌូណេស៉ីចាំផ្ទះលោក Joko Widodo នឹងប្រកាសនាថ្ងៃសុក្រនេះ។ លោក Prabowo និងស្បថចូលកាន់តំណែងជាផ្លូវការ នាថ្ងៃទី២០ ខែតុលា។
គួរបញ្ជាក់ថា កន្លងមក ក្រុមចម្រុះរបស់លោក Prabowo មានគណបក្សចូលរួមសរុបចំនួន៥ ហើយលោកក៏កំពុងចរចាជាមួយគណបក្សអ៉ីស្លាមធំបំផុត នៅឥណ្ឌូណេស៉ីផងដែរ ដែលគ្រប់គ្រងអាសនៈ១០ភាគរយ នៅក្នុងសភា។ គណបក្ស NasDem ធ្លាប់បានគាំទ្រលោក Anies Baswedan ដែលជាបេក្ខជនបានទទួលបរាជ័យ ក្រោមដៃលោក Prabowo ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីខែកុម្ភៈ ឆ្នាំនេះ៕