(កៀវ)៖ ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាវុធដែលចក្រភពអង់គ្លេសផ្តល់ទៅអ៊ុយក្រែន អាចយកទៅប្រើប្រាស់បានសម្រាប់ប្រតិបត្តិការចូលទឹកដីរុស្ស៉ី លើកលែងតែមីស៉ីលរយៈចម្ងាយឆ្ងាយ Storm Shadow ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។

កាលពីខែឧសភា រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron និយាយថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធដែលផ្តល់ឱ្យដោយទីក្រុងឡុងដ៏ សម្រាប់វាយប្រហារចូលទឹកដីរុស្ស៉ី ប៉ុន្តែកាលណោះ រដ្ឋាភិបាលមិនបានចេញមកបញ្ជាក់ទទួលស្គាល់ទេ។ ខណៈដែលមានការ​កំណត់​លក្ខខណ្ឌ​ច្បាស់លាស់​ ជុំវិញរបៀប​​ប្រើប្រាស់អាវុធដែលត្រូវបានចែកចាយ​ អ្នកនាំពាក្យមួយរូបនៃក្រសួងការពារជាតិ និយាយថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ប្រឆាំងនឹងការវាយប្រហារខុសច្បាប់របស់រុស្ស៉ី។ នោះមានន័យថា រថក្រោះ មីស៉ីលប្រឆាំងរថក្រោះ និងឧបករណ៍យោធាដ៏ទៃទៀត ដែលបញ្ជូនទៅអ៊ុយក្រែនអាចប្រើប្រាស់បាន ក្នុងទឹកដីរុស្ស៉ី។ ដោយឡែក ការដាក់កំហិតលើការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលថាប្រើបានតែក្នុងព្រំដែនអ៊ុយក្រែន ទទួលស្គាល់ជាអន្តរជាតិ គឺនៅតែមានដដែល។

គួរបញ្ជាក់ថា ដោយប្រើយន្តហោះដ្រូន កាំភ្លើងធំ និងរថក្រោះ អ៊ុយក្រែនអះអាងថាបានចាប់យកទឹកដីប្រហែល ១,០០០គីឡូម៉ែត្រក្រឡារបស់រុស្ស៉ី គិតចាប់តាំងពីថ្ងៃទី៦ ខែសីហាមក។ តាមប្រភពពីអង់គ្លេស កងទ័ពអ៊ុយក្រែនកំពុងពិចារណាបើករថក្រោះ Challenger 2 ចូលរុស្ស៉ី តែក្រសួងការពារជាតិអង់គ្លេស បានបដិសេធធ្វើការអត្ថាធិប្បាយអំពីបញ្ហានេះ៕