(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានប្រកាសថានឹងបង្កើនការការពារនៅព្រំដែន តាមការរយៈការធ្វើឱ្យប្រសើរឡើងនូវរបៀបបញ្ជា និងគ្រប់គ្រង ហើយដាក់ពង្រាយកងកម្លាំងបន្ថែមទៀត ខណៈដែលការវាយលុកឆ្លងព្រំដែនពីអ៊ុយក្រែន ធ្វើឡើងប្រហែល ១០ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov និយាយថា បុគ្គលិកយោធាបាននិងកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ដើម្បីការពារតំបន់ព្រំដែនដូចជានៅ Kursk, Bryansk និង Belgorod ដែល ៣ទីតាំងនេះមានផ្ទៃដីប្រហាក់ប្រហែល នឹងប្រទេសព័រទុយហ្គាល់។ លោក Belousov បានប្រាប់ក្រុមឧត្តមសេនីយ៍ និងមន្រ្តី ដូច្នេះថា «ដំបូង យើងនិយាយពីការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ដោយសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត»។ រុស្ស៉ី ក៏កំពុងបែងចែកកម្លាំង មូលនិធិបន្ថែម ដើម្បីការពារបូរណភាពទឹកដី និងធានាបានថាមិនអាចមានការដណ្តើមយកទឹកដី។

គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកកាវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៦ ខែសីហា ដោយទាហានរាប់ពាន់នាក់ បានវាយលុកឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៉ី។ មានតែការអះអាងអ៊ុយក្រែន ជុំវិញការកាន់កាប់ទីតាំងមួយចំនួននៅតំបន់ Kursk ប៉ុន្តែយោធារុស្ស៉ីមិន​ទាន់​ធ្វើការពន្យល់​ជា​សាធារណៈនៅឡើយទេ អំ​ពី​របៀប​ដែល​កងកម្លាំង​អ៊ុយក្រែន​អាច​ទម្លុះការការពាររបស់រុស្ស៉ី នៅព្រំដែនបាន៕