(តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីខាងលើក៏បានបង្ករំញ័រដល់អគារក្នុងរដ្ឋធានីតៃប៉ិ ផងដែរ។ គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី ៩.៧គីឡូម៉ែត្រ ហើយបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ គ្រោះរញ្ជួយដីទាំង២ លើកនេះដែរ កើតឡើង ខណៈអាជ្ញាធរតៃវ៉ាន់បានព្រមានពីហានិភ័យនៃគ្រោះរអិលបាក់ដីនៅតាមតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។

គួរបញ្ជាក់ថា កាលពីខែមេសា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើទីក្រុង Hualien ដោយបានសម្លាប់មនុស្ស៩នាក់ និងច្រើនជាង ៩០០នាក់ បានរងរបួស៕