(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត លើបណ្តាញពាណិជ្ជកម្មរបស់ក្រុមហ៊ូធី (Houthi) នៅយេម៉ែន និងក្រុមហេសបូឡា (Hezbollah) នៅលីបង់ ដែលជាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ក្រសួងរតនាគារសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ទណ្ឌកម្មទាំងនេះមានគោលដៅលើក្រុមហ៊ុន បុគ្គល និងនាវា ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញពីអ៊ីរ៉ង់ រួមទាំងប្រេង និងឧស្ម័នប្រេងឥន្ធនៈរាវ (LPG) ទៅកាន់យេម៉ែន និងអារ៉ាប់រួម ដើម្បីគាំទ្រដល់បណ្តាញហិរញ្ញវត្ថុរបស់ក្រុមហ៊ូធី និងក្រុមហេសបូឡា។
ប្រាក់ចំណូលពីបណ្តាញនេះត្រូវបានគេរាយការណ៍ថា ជួយផ្គត់ផ្គង់ហិរញ្ញប្បទានដល់ការវាយប្រហារលើកប៉ាល់នៅសមុទ្រក្រហម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយក្រុមហ៊ូធី។ ការវាយប្រហារបែបនេះបានរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងបង្កផលប៉ះពាល់អវិជ្ជមានដល់ពាណិជ្ជកម្មពិភពលោក។
សហរដ្ឋអាមេរិកសង្ឃឹមថា ទណ្ឌកម្មទាំងនេះនឹងរំខានដល់ប្រភពហិរញ្ញប្បទានចម្បងរបស់អ៊ីរ៉ង់ ដែលផ្តល់ទៅឱ្យក្រុមភេរវករ និងបង្កអស្ថិរភាពក្នុងតំបន់៕