(បាងកក)៖ ការរំលាយគណបក្សប្រឆាំង Move Forward និងការបណ្ដេញនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីនទាំងដែលកាន់តំណែងមិនទាន់បានគ្រប់១២ខែស្រួលបួលផង បានបង្ហាញ រឿងមួយយ៉ាងច្បាស់ នោះគឺ «អំណាចទាំងស្រុងនៅតែស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមអ្នកមានភក្ដីភាពចំពោះរាជានិយមថៃ»។ លោក សេដ្ឋា កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានក្លាយជា នាយករដ្ឋមន្ត្រីថៃទី៤ ដែលត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយដែលភាគច្រើននាយករដ្ឋមន្ត្រីទាំងនោះសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់លោក Thaksin Shinawatra ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច ក្នុងឆ្នាំ២០០៦។
ក៏ប៉ុន្តែ អ្វីដែលខុសប្លែក លោក Thaksin នៅពេលនេះបានសម្រុះសម្រួលជាមួយក្រុមអ្នកអភិរក្សនិយមធ្លាប់ជាគូសត្រូវនយោបាយរបស់លោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយ កាលពី ឆ្នាំ២០២៣ ជាថ្នូរនឹងការអនុញ្ញាតឱ្យរូបលោកអាចត្រឡប់ចូលស្រុកថៃវិញ។ គណបក្សភឿថៃរបស់លោក Thaksin មានហេតុផលជាច្រើន ត្រូវបន្តរួមរស់ជាមួយក្រុមអ្នកអភិរក្សនិយមស្មោះស្ម័គ្រ ជាមួយព្រះមហាក្សត្រថៃ ហើយក្នុងនោះមានហេតុផលធំ២យ៉ាង។ ម្យ៉ាង៖ លោក Thaksin បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីអាចត្រឡប់ចូលស្រុកវិញ បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ច្រើនជាងមួយទសវត្សរ៍ ដើម្បីគេចពីការកាត់ទោសពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ រីឯម្យ៉ាងទៀត លោកកំពុងប្រឈមមុខនឹងបទចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះចេស្ដា ជាច្បាប់មួយការពារ ព្រះមហាក្សត្រ Maha Vajiralongkorn និងសែរាជវង្សថៃ ពីការរិះគន់ទាំងឡាយ។ បទចោទនេះអាចឱ្យលោក Thaksin ត្រូវប្រឈមមុខនឹងការវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ ប្រសិនបើលោក ហ៊ានចូលរួមជាមួយគណបក្សប្រឆាំង គឺគណបក្សប្រជាជន ឬ People’s Party (អតីតគណបក្ស Move Forward) ដែលជាបក្សមួយចង់កែប្រែច្បាប់មួយនេះ។
People’s Party ត្រូវបានបង្កើតឡើងកាលពីសប្ដាហ៍មុន បន្ទាប់ពីតុលាការធម្មនុញ្ញថៃចេញសាលក្រមបង្គាប់ឱ្យរំលាយគណបក្ស Move Forward ចោល និងហាមក្រុមនាយកប្រតិបត្តិ រួមទាំង អតីតមេដឹកនាំគណបក្សមានទំាងលោក Pita ធ្វើនយោបាយ១០ឆ្នាំ។ លោក Napon Jatusripitak ជាអ្នកវិភាគម្នាក់ឱ្យវិទ្យាស្ថាន ISEAS-Yusof មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថា «សាលក្រមកាលពីថ្ងៃទី៧ ខែសីហា (រំលាយបក្ស Move Forward) និងសាលក្រមបណ្ដេញលោក សេដ្ឋា ពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែសីហា បានបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកមានភក្ដីភាពជាមួយរាជានិយមនៅតែមានអំណាចធំលើសលប់នៅក្នុងប្រទេសថៃ។ ដូច្នេះ ប្រសិនបើមិនមានការយល់ឃើញកង់សង់ស៊ីសយ៉ាងទូលំទូលាយពីអំណាចលើសលប់របស់ ពួកគេទេ នោះប្រជាធិបតេយ្យពិតប្រាកដមិនចាក់ឫសក្នុងប្រទេសថៃបានឡើយ»។
គួរបញ្ជាក់ថា ក្រោយតុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា សមាជិកសភាមួយរូបមកពីគណបក្សប្រជាជន លោក Parit Wacharasindhu បានបញ្ជាក់ថា គណបក្សរបស់លោក ជំទាស់ទៅនឹងអំណាចរបស់តុលាការធម្មនុញ្ញ ក្នុងការបណ្ដេញនាយករដ្ឋមន្ត្រីម្នាក់ពីតំណែង ដ្បិតបញ្ហាពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌ គួរតែទុកឱ្យប្រជាជនជា អ្នកវិនិច្ឆយ។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ជុំវិញការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។ ប៉ុន្តែខណៈទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ លោក សេដ្ឋា បានការពារខ្លួនឯង ដោយនិយាយថាជិតមួយឆ្នាំមកនេះ លោកបានដឹកនាំប្រទេសដោយភាពស្មោះត្រង់។
លោក Parit បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ដូច្នេះថា «គណបក្សជឿថាស្ថានភាពនៅថ្ងៃនេះ នឹងធ្វើឱ្យគ្រប់ភាគីទាំងអស់មើលឃើញពីភាពបន្ទាន់ ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយឡើង និងត្រួតពិនិត្យឡើងវិញពីអំណាច និងទំនួលខុសត្រូវរបស់តុលាការធម្មនុញ្ញ ព្រមទាំងស្ថាប័នឯករាជ្យទាំងឡាយ»។ ក៏ប៉ុន្តែ សាលក្រមដកតំណែងលោក សេដ្ឋា ក៏បានបង្ហាញកាន់តែច្បាស់ផងដែរថាមិនថានរណាឈ្នះនៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសថៃ ក៏វាលែងសំខាន់ទៀតហើយ។ ក្រុមចៅក្រម និងក្រុមឧត្តមសេនីយ៍ស្មោះស្ម័គ្រនឹង រាជានិយមថៃ នៅតែបន្តក្ដាប់អំណាចយ៉ាងធំសម្បើម ដើម្បីទាញទម្លាក់អ្នកនយោបាយជាប់ឆ្នោតចេញពីតំណែង ហើយការពិតមួយនេះនឹងមិនផ្លាស់ប្ដូរទេ រហូតទាល់តែមានការផ្លាស់ប្ដូរដ៏ធំមួយ នៅក្នុងប្រព័ន្ធនយោបាយថៃ។
ត្រង់ចំណុចនេះដែរ លោក Paul Chambers ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Naresuan University របស់ថៃ និងជាអ្នកសរសេរសៀវភៅស្ដីពីយោធាថៃ យល់ថា «ការធ្វើរដ្ឋប្រហារ ស៊េរីថ្មីមួយ នោះគឺការប្រើប្រាស់តុលាការ»៕