(ហ្គាហ្សា)៖ កិច្ចចរចាបទឈប់បាញ់ហ្គាហ្សាជុំថ្មី បាននិងកំពុងចាប់ផ្តើមដំណើរការក្នុងរដ្ឋធានី Doha ប្រទេសកាតា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។ កិច្ចចរចានេះ មានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១០ខែនៅក្នុងតំបន់ប៉ាឡេស្ទីន និងនាំយកចំណាប់ខ្មាំងអ៊ីស្រាអែល និងបរទេសមកផ្ទះវិញ។ មការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក ដែលបានបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា អាចកាត់បន្ថយហានិភ័យនៃសង្គ្រាមក្នុងតំបន់។ ទោះបីជាក្រុមហាម៉ាស់មិនបានចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចាក៏ដោយ ក៏អ្នកសម្របសម្រួលគ្រោងនឹងពិភាក្សាជាមួយក្រុមចរចារបស់ហាម៉ាស់នៅទីក្រុងដូហា។
ភាគីទាំងពីរហាក់ដូចជាបានបន្ធូរបន្ថយជំហររបស់ពួកគេ លើបញ្ហាសំខាន់ៗមួយចំនួន ដូចជាវត្តមានរបស់ទាហានអ៊ីស្រាអែលនៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស់បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះដំណើរការចរចា ប៉ុន្តែទាមទារឱ្យមានការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សាទាំងស្រុង។
គួរបញ្ជាក់ថា ទោះបីជាមានកិច្ចចរចាក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តនៅហ្គាហ្សា ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤០,០០០ នាក់ និងបង្ខំឱ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រជាជននៅហ្គាហ្សាកំពុងទន្ទឹងរង់ចាំការបញ្ចប់ជម្លោះនេះ ខណៈដែលគ្រួសារនៃចំណាប់ខ្មាំងនៅអ៊ីស្រាអែលកំពុងទាមទារឱ្យមានការដោះលែងសាច់ញាតិរបស់ពួកគេ៕