(ប៉េកាំង)៖ ក្នុងសារលិខិតអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតចិន-ប្រេស៊ីល ប្រធានាធិបតីចិន ស៊ី ជីនពីង បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រេស៊ីលបន្ថែម ដើម្បីកសាង «សហគមន៍ចិន-ប្រេស៊ីល ដែលមានអនាគតរួមគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងចិន និងប្រេស៊ីល។ លោកបានកត់សម្គាល់ថា ប្រទេសទាំងពីរ ដែលសុទ្ធសឹងជាប្រទេសកំពុងអភិវឌ្ឍន៍ធំៗ និងទីផ្សារកំពុងរីកចម្រើនសំខាន់ៗ បានរក្សាបាននូវទំនាក់ទំនងដ៏រឹងមាំ និងមានឥទ្ធិពលសកលកាន់តែខ្លាំងឡើង ទោះបីជាមានការផ្លាស់ប្តូរក្នុងទិដ្ឋភាពអន្តរជាតិក៏ដោយ។
លោកបានបន្តថា ប្រទេសទាំងពីរមិនត្រឹមតែបានសម្រេចបាននូវការអភិវឌ្ឍ និងការរីកចម្រើនរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើពិភពលោកផងដែរ។ លោក ស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ខួបលើកទី៥០ នៃទំនាក់ទំនងការទូតជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកសាង «សហគមន៍ចិន-ប្រេស៊ីល ដែលមានអនាគតរួមគ្នា»។
ដោយឡែក ប្រធានាធិបតីប្រេស៊ីល លោក Lula ក៏បានបង្ហាញពីការប្តេជ្ញាចិត្តស្រដៀងគ្នានេះដែរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងប្រេស៊ីល-ចិនក្នុងការកសាងសណ្តាប់ធ្នាប់ពហុប៉ូល និងអភិបាលកិច្ចសកលប្រកបដោយប្រសិទ្ធភាព។ លោកបានបង្ហាញក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនង និងបានសន្យាថានឹងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតរួមគ្នា៕