(អង់ការ៉ា)៖ ប្រធានាធិបតី លោក Tayyip Erdogan បានប្រាប់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃពុធសប្តាហ៍នេះថា តួកគីនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយជំរុញឱ្យសហគមន៍អន្តរជាតិ បង្កើនសម្ពាធលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។
ការិយាល័យលោក Erdogan បានឱ្យដឹងថា លោកប្រធានាធិបតីតួកគី និងមេដឹកនាំប៉ាឡេស្ទីន ពិភាក្សាគ្នាអំពីការវិវឌ្ឍន៍ នាពេលថ្មីៗនេះ និងជំហានដែលត្រូវធ្វើសម្រាប់បទឈប់បាញ់អចិន្រ្តៃយ៍ និងសន្តិភាពនៅតំបន់ហ្កាហ្សា។ លោក Erdogan ក៏បានប្រាប់ លោក Abbas ផងដែរថាប្រទេសជាច្រើន ពិសេសពិភពមូស្លីមគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្កាហ្សា និងការផ្តល់ជំនួយមនុស្សធម៌ដែលគ្មានការរំខាន ដល់ប្រជាជនប៉ាឡេស្ទីន។
គួរបញ្ជាក់ថា មេដឹកនាំប៉ាឡេស្ទីនរូបនេះ កំពុងស្ថិតនៅក្នុងប្រទេសតួកគី ហើយត្រូវថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំវិសាមញ្ញ នៃសភាតួកគី នៅថ្ងៃព្រហស្បតិ៍នេះ៕