(ប៉េកាំង)៖ ប្រទេសចិន បាននិងកំពុងរៀបចំដាក់បញ្ចូលគ្នា នូវសេចក្តីព្រាងច្បាប់ដែលបានកែប្រែរួច ដើម្បីធ្វើឱ្យកាន់តែមាន ភាពងាយស្រួល សម្រាប់គូស្នេហ៍ក្នុងការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ ជាមួយនិងការលំបាកក្នុងការដាក់ពាក្យសុំលែងលះ ខណៈដែលផែនការនេះ បានរងនូវការិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គម ហើយក្លាយទៅជាប្រធានបទល្បីលើអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។
សេចក្តីព្រាងច្បាប់នោះ មានគោលបំណងកសាង «សង្គមគ្រួសាររីករាយ» និងត្រូវបានចេញដោយក្រសួងកិច្ចការស៉ីវិលចិន ក្នុងសប្តាហ៍នេះ សម្រាប់ស្ទង់មតិសាធារណៈ ហើយពលរដ្ឋអាចដាក់មតិយោបល់ទៅក្រសួង រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ ច្បាប់ដែលបានស្នើឡើងថ្មីនេះ នឹងដកចេញការរឹតត្បិតមួយចំនួនពីច្បាប់ចាស់ ដែលតម្រូវឱ្យការចុះអាពាហ៍ពិពាហ៍ ចាំបាច់ត្រូវតែធ្វើឡើងនៅកន្លែងចុះបញ្ជីស្នាក់នៅរបស់គូស្នេហ៍។ ដោយឡែក ការលែងលះ នឹងត្រូវដាក់ឱ្យស្ថិតក្រោមរយៈពេលអន្តរកាល ៣០ថ្ងៃ ដែលអំឡុងពេលនោះ បើភាគីណាមួយមិនព្រមលែងលះ ពួកគេអាចដកពាក្យវិញ រួចឈានដល់បញ្ចប់ការសុំលែងលះតែម្តង។
គួរបញ្ជាក់ថា វិធានការថ្មីនេះ ធ្វើឡើងខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ព្យាយាមជំរុញឱ្យគូស្នេហ៍វ័យក្មេងៗ រៀបអាពាហ៍ពិពាហ៍ និងមានកូន បន្ទាប់ពីចំនួនប្រជាជនចិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕