(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានលើកឡើងនូវបំណងចង់បង្កើត ក្រុមប្រឹក្សាកម្រិតការងារមួយជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាគ្នាអំពីមធ្យោបាយបន្ធូរបន្ថយ ភាពតានតឹងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។

អំឡុងសុន្ទរកថាទិវា National Liberation Day ដើម្បីប្រារព្ធខួបទី៧៩ នៃការទទួលបានឯករាជ្យ ពីអាណានិគមឆ្នាំ១៩១០-១៩៤៥ របស់ចក្រពត្តិជប៉ុន ក្រោយសម័យសង្រ្គាមលោកលើកទី២ លោក Yoon បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ប្រសិនបើកូរ៉េខាងជើង ព្រមឈានឈានជើងត្រឹមតែមួយជំហាន ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា «ក្រុមការងារអន្តរកូរ៉េ» អាចជួយបន្ធូរបន្ថយភាពតានតឹង និងទទួលបន្ទុកលើ​បញ្ហាផ្សេងៗ ចាប់តាំងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងការជួបជុំរវាងគ្រួសារ ដែលត្រូវ​បានព្រាត់ប្រាស ដោយសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។ លោក Yoon បានបន្ថែមថា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ អាចនាំមកនូវវឌ្ឍនភាព ដល់ទំនាក់ទំនងអន្តរកូរ៉េ។

គួរបញ្ជាក់ថា ទោះជាបែបនេះក្តី ការបង្រួបបង្រួមគ្នា ឬកិច្ចសហប្រតិបត្តិរវាងកូរ៉េខាងពីរ គឺជាលទ្ធភាពដែលហាក់ពិបាកនឹងទៅរួច សម្រាប់មនុស្សភាគច្រើន ទាំងនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ បានធ្លាក់ចុះដល់​កម្រិតដ៏ទាបបំផុតមួយ ស្របពេលដែលកូរ៉េខាងជើង បាននិងកំពុងបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស នូវសមត្ថភាពនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគ ហើយបោះជំហានដើម្បីកាត់ផ្តាច់ទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង និងចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវចម្បងរបស់ខ្លួនថែមទៀត៕