(កាប៊ុល)៖ អង្គការ UNESCO បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្មេងស្រីយ៉ាងហោច១.៤លាននាក់ នៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវហាមឃាត់មិនឱ្យទទួលបាន ការអប់រំកម្រិតមធ្យមសិក្សា គិតចាប់តាំងតែពីក្រុមតាលីបង់ បានវិលត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ UNESCO ដែលត្រូវបានចេញស្របពេល អាជ្ញាធរតាលីបង់ប្រារព្ធខួប៣ឆ្នាំ ក្រោយពួកគេឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានបន្ថែមទៀតថា ចំនួនទាំងក្មេងស្រីនិងក្មេងប្រុស ដែលចូលរៀននៅកម្រិតបឋមសិក្សា ក៏មានការធ្លាក់ចុះខ្លាំងផងដែរ គឺគិតត្រឹមឆ្នាំ២០២២ មានចំនួន៥.៧លាននាក់ ធៀបទៅនឹងចំនួន៦.៨លាននាក់ កាលពីឆ្នាំ២០១៩។
អង្គការ UNCESCO បានលើកឡើងថា «ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ អាជ្ញាធរតាលីបង់ សឹងតែបានលុបបំបាត់ចោលទាំងស្រុង នូវភាពរីកចម្រើនជាលំដាប់ រយៈពេល២ទសវត្សរ៍ សម្រាប់វិស័យអប់រំ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយអនាគតរបស់ក្មេងៗជំនាន់ក្រោយ កំពុងតែស្ថិតក្រោមហាភ័យ»។
គួរបញ្ជាក់ថា បច្ចុប្បន្នអាហ្វហ្កានីស្ថាន គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលរារាំងមិនឱ្យក្មេងស្រីនីងមនុស្សស្រី ចូលរៀននៅសាលាមធ្យមសិក្សា និងសាកលវិទ្យាល័យ៕