(ប៉ារីស)៖ ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២គ្រឿងបុកគ្នានៅឡើយទេ៕