(កៀវ)៖ អ៊ុយក្រែន បានអះអាងកាលពីថ្ងៃទី១៤ ខែសីហាថាកងទ័ពរបស់ខ្លួននឹងអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ Kursk របស់រុស្ស៉ី ទៅកាន់រុស្ស៉ី និងអ៊ុយក្រែន ហើយកំពុងបង្កើតតំបន់ទ្រនាប់មួយនៅតាមទីតាំងដែលកងទ័ពអ៊ុយក្រែន កំពុងធ្វើការវាយលុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជាមួយការធ្វើឱ្យកងទ័ពរុស្ស៉ីភ្ញាក់ផ្អើលយ៉ាងខ្លាំង កងទ័ពអ៊ុយក្រែនបានវាយសម្រុកចូលតំបន់ Kursk របស់រុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហា ដោយបានដណ្ដើមកាន់កាប់ទីតាំងរាប់សិបកន្លែង និងជំរុញឱ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់នៅតាមបណ្ដោយព្រំដែននៃប្រទេសទំាង២។ តាមរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Igor Klymenko ការបង្កើតតំបន់ទ្រនាប់នៅក្នុង តំបន់ Kursk គឺជាការបោះជំហានមួយដើម្បីការពារសហគមន៍អ៊ុយក្រែននៅតាមតំបន់ព្រំដែន ពីការបាញ់ផ្លោងស្ទើររាល់ថ្ងៃពីសំណាក់កងទ័ពរុស្ស៉ី។
ការអត្ថាធិប្បាយរបស់លោក Klymenko ធ្វើឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើនរូបទៀត។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានបញ្ជាក់នៅក្រោយកិច្ចប្រជុំនេះថាកងទ័ពអ៊ុយក្រែនមានផែនការបើកច្រករបៀងមនុស្សមួយ សម្រាប់ ការជម្លៀសជនស៊ីវិល ទាំងទិសដៅទៅកាន់រុស្ស៉ី និងទៅកាន់អ៊ុយក្រែន។ លោកស្រីបានបន្ថែមថានៅក្រោមផែនការសម្រាប់ប្រតិបត្តិការមនុស្សធម៌ ក៏នឹងមានការជួយពីសំណាក់ អង្គការអន្តរជាតិនៅក្នុងតំបន់ផងដែរ៕