(Reuters)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
គណៈកម្មធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នា កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផ្ដល់យោបល់ឱ្យប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថាតើត្រូវប្រកាស ចាត់ទុកជំងឺ Mpox ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលដែរឬក៏យ៉ាងណា? ភាពអាសន្នសុខាភិបាលសាធារណៈសកល គឺជាកម្រិតអាសន្នខ្ពស់បំផុតរបស់ WHO ដែលមានគោលដៅពន្លឿនការស្រាវជ្រាវ ស្វែងរកមូលនិធិ ដាក់ចេញវិធានការជាលក្ខណៈអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺឆ្លង។
តាម WHO ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ ជាធម្មតា ជំងឺនេះមានរោគសញ្ញាស្រាល រីឯ ករណីស្លាប់ គឺកម្រនឹងកើតឡើង ហើយមានរោគសញ្ញាដូចផ្ដាសាយ តែមានឡើងពងបែកនៅស្បែក។
គួរបញ្ជាក់ថា ការផ្ទុះរាលដាលជំងឺ Mpox ឬអុតស្វា ដំបូងឡើយ នៅប្រទេសកុងហ្គោបង្កឡើងដោយវីរុសប្រភេទ clade i ដែលជាប្រភេទវីរុសមិនសូវជាចម្លងជំងឺខ្លាំងនោះទេ។ ប៉ុន្តែ ក្រោយមកស្រាប់តែផ្ទុះវីរុសថ្មីមួយទៀតឈ្មោះ clade Ib អាចចម្លងជំងឺយ៉ាងលឿនរហ័ស តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានផ្ទុកវីរុសនេះ។ បច្ចុប្បន្ន វីរុសថ្មីនេះបាន រាលដាលចេញពីកុងហ្គោ ធ្លាយទៅដល់ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្កង់ដា៕