(តូក្យ)៖ ជប៉ុន នឹងត្រូវមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេលឆាប់ៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសនៅថ្ងៃពុធ ទី១៤ ខែសីហានេះថាលោកនឹងមិនឈរឈ្មោះ ក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សប្រជាធិតេយ្យសេរីនិយម (LDP) ឡើយ។ គណបក្សប្រជាធិបតេយ្យសេរីនិយម ឬហៅកាត់ថា LDP ជាបក្សកាន់អំណាចសព្វថ្ងៃ និងដែលបានដឹកនាំប្រទេសជប៉ុនស្ទើរតែគ្រប់អាណត្តិចាប់តាំងពីឆ្នាំ១៩៤៥មក គ្រោងនឹងរៀបចំការប្រកួតប្រជែងផ្ទៃក្នុងដើម្បីជ្រើសរើសប្រធានបក្សថ្មី នៅខែកញ្ញាក្រោយនេះ។

លោក Kishida មានអាយុ ៦៧ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្ស LDP ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ហើយអាណត្តិមានរយៈពេល ៣ឆ្នាំ របស់លោកនឹងត្រូវអស់សុពលភាពនៅខែកញ្ញាខាងមុខ។ ការដកខ្លួនរបស់លោក Kishida ពីការប្រកួត មានន័យថាមេដឹកនាំថ្មីដែលឈ្នះការបោះឆ្នោតរបស់គណបក្ស LDP នឹងក្លាយជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ពីព្រោះតែគណបក្ស LDP កំពុងគ្រប់គ្រងសភាទាំង២របស់ជប៉ុន។

ខាងក្រោមនេះគឺជាបេក្ខជនសំខាន់ៗដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ជំនួសលោក Kishida៖

* លោក Shigeru Ishiba?
ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិជប៉ុន និងដែលបានបរាជ័យជាច្រើនលើកនៅក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានបក្ស LDP លោក Ishiba ស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះ អ្នកនយោបាយកំពូលៗដែលអ្នកបោះឆ្នោតជប៉ុនចង់ឃើញលោកក្លាយជានាយករដ្ឋមន្ត្រី។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក Ishiba បានបង្ហាញការគាំទ្រការប្រឹងប្រែងរបស់ ធនាគារកណ្ដាលជប៉ុន (Bank of Japan) ក្នុងការធ្វើឱ្យគោលនយោបាយរូបិយប័ណ្ណត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នៅលើគេហទំព័ររបស់លោក លោក Ishiba បានផ្តោតលើ គោលនយោបាយមួយចំនួន ក្នុងនោះរួមមានការជំរុញតម្រូវការនៅក្នុងស្រុក ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច ជាជាងពឹងផ្អែកលើពាណិជ្ជកម្មបរទេស។

* លោក Taro Kono
លោក Taro Kono ធ្លាប់បានបរាជ័យក្រោមថ្វីដៃរបស់លោក Kishida នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP កាលពីឆ្នាំមុន។ លោក Kono ត្រូវបានគេមើលឃើញជាមនុស្សម្នាក់ មិនសូវចូលចិត្តសេពគប់បក្ខពួក ដែលអាចស្ដារមុខមាត់របស់គណបក្សឡើងវិញ ចេញពីរឿងអាស្រូវពុករលួយ។ បច្ចុប្បន្ន លោក Kono គឺជារដ្ឋមន្ត្រីសម្រាប់ការផ្លាស់ប្ដូរឌីជីថល ហើយលោក ក៏មានបទពិសោធន៍ក្រាស់ក្រែល និងធ្លាប់កាន់តំណែងធំៗក្នុងជួរគណៈរដ្ឋមន្ត្រីជប៉ុន ដូចជាតំណែងជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជប៉ុន។ លោក Kono បានបន្ថយសំឡេង ជំទាស់របស់លោកប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានបង្ហាញការព្រួយបារម្ភពីកើនឡើងឥទ្ធិពលចិន ហើយថែមទាំងគាំទ្រឱ្យជប៉ុនចូលរួមក្នុងក្រុមអង្គការ ភ្នែក៥ «Five Eyes» ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ និងចក្រភពអង់គ្លេស។ នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg TV កាលពីខែកក្កដា លោក Kono បានជំរុញឱ្យធនាគារកណ្ដាលជប៉ុន (BOJ) លុបចោលអត្រាការប្រាក់ ដើម្បីគាំទ្រប្រាក់យ៉េន។

* លោកស្រី Yoko Kamikawa
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ជាអតីតនិសិ្សតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard។ លោកស្រីធ្លាប់បង្កើតក្រុមហ៊ុនពិគ្រោះយោបល់មួយ មុននឹងឈាន ចូលជើងនយោបាយ។ ប្រសិនបើជាប់ឆ្នោតជាប្រធានបក្ស លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រទេសជប៉ុន។ លោកស្រី Kamikawa មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែលោកស្រីប្រឹងប្រែងជំរុញលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងនយោបាយ ខណៈសមាជិកសភាជាស្ត្រីមកពីគណបក្ស LDP មានត្រឹមតែ១២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកស្រីក៏រងការរិះគន់ពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្សផងដែរ សម្រាប់ការចុះហត្ថលេខាលើការកាត់ទោសប្រហារជីវិតមនុស្ស១៦នាក់ ក្នុងនោះរួមមានសមាជិក៦នាក់មកពីក្រុមសាសនា Aum Shinrikyo កាលលោកស្រីនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌។

* លោក Toshimitsu Motegi
លោក Toshimitsu Motegi បច្ចុប្បន្នគឺជាអគ្គលេខាធិការគណបក្ស LDP និងធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ លោកក៏ជាអតីតនិស្សិតម្នាក់បញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard និងត្រូវបានគេចាត់ទុកថាជាមនុស្សតឹងរ៉ឹងម្នាក់។ ក្រុមអ្នកវិភាគនយោបាយបាននិយាយថាលោក Motegi មានសមត្ថភាពបង្កើតសម្ព័ន្ធភាពផ្ទាល់ខ្លួន ដូចដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្លាប់មានជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងករណីដែលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅខែវិច្ឆិកាខាងមុខ។

* លោក Shinjiro Koizumi
លោក Shinjiro Koizumi ជាកូនប្រុសអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Junichiro។ លោក Shinjiro ធ្លាប់កាន់តំណែងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឈ្មោះរបស់លោក Shinjiro បានល្បី នៅតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីលោកបានរៀបការជាមួយពិធីការនីព័ត៌មានដ៏ល្បីឈ្មោះម្នាក់នៅជប៉ុន។

*​ លោកស្រី Sanae Takaichi
លោកស្រី Sanae Takaichi ជាមនុស្សមានគំនិតអភិរក្សនិយមម្នាក់ និងបានចាត់ទុកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher ជាគំរូ។ សព្វថ្ងៃ លោកស្រី កំពុងកាន់ តំណែងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច។ លោកស្រីបានបង្កើតក្រុមសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបង្កឱ្យមានការសង្ស័យថាលោកស្រី កំពុងស្វះស្វែងប្រមូលការគាំទ្រ ដើម្បីអាចប្រជែងយកតំណែងប្រធានបក្ស។ ប៉ុន្តែ ការជ្រើសរើសលោកស្រី Takaichi ជាមនុស្សម្នាក់ចូលចិត្តធ្វើដំណើរទៅកាន់ទីសក្ការៈ Yasukuni ដែលត្រូវបានប្រទេសភាគច្រើន នៅក្នុងតំបន់ចាត់ទុកថានិមិត្តរូបនៃយោធានិយមផ្ដាច់ការជប៉ុនកាលពីអតីតកាល អាចនឹងបំផ្លាញដល់ការផ្សះផ្សារទំនាក់ទំនងឡើងវិញ កាលពីពេលថ្មីៗនេះរវាងជប៉ុន និងកូរ៉េខាងត្បូង ហើយអាចធ្វើឱ្យទំនាក់ទំនងជាមួយចិនកាន់តែល្អក់កករ។ លោកស្រី Takaichi បានកោតសរសើរយ៉ាងខ្លាំងដល់ភាពជាមេដឹកនាំរបស់លោក Shinzo Abe។ មិនតែប៉ុណ្ណោះ អំឡុងឈរឈ្មោះប្រជែងយកតំណែងប្រធានបក្សកាលពីឆ្នាំ២០២១ លោកស្រីក៏បានបង្ហាញការគាំទ្រដល់គោលនយោបាយរូបិយប័ណ្ណរបស់លោក Abe ផងដែរ។

* លោក Katsunobu Kato
លោក Katsunobu Kato ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងនាយកខុទ្ទការល័យនាយករដ្ឋមន្ត្រី។ លោកជាមនុស្សម្នាក់មិនសូវមានគេស្គាល់ឡើយ ប៉ុន្តែជាប្រភេទអ្នកនយោបាយ ដែលអាច នឹងក្លាយជាបេក្ខជនម្នាក់ដែលគ្រប់ភាគីអាចទទួលយកបាន ក្នុងករណីមានការលំបាកក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។ លោកធ្លាប់បម្រើការនៅក្នុងក្រសួងហិរញ្ញវត្ថុ មិនឈានជើងចូល នយោបាយ។ លោក Kato បានកាន់តំណែងជាតំណារាស្ត្រ ៧អាណត្តិមកហើយ និងធ្លាប់កាន់តំណែងសំខាន់ៗនៅក្នុងអាណត្តិនាយករដ្ឋមន្ត្រីចំនួន៣ រូប ចុងក្រោយរបស់ជប៉ុន៕