(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសពីចេតនារបស់លោកក្នុងការបង្កើត «ភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង» ជាមួយប្រទេសចិន នៅពេលដែលលោកជួបជាមួយសមភាគីចិន លោក Xi Jinping នៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ការប្រកាសនេះធ្វើឡើងនៅក្នុងបរិបទ នៃការជំរុញរបស់ប្រទេសចិនក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលប្រេស៊ីលបានបង្ហាញពីការបើកចំហចំពោះការចូលរួម។

លោក Lula បានអះអាងក្នុងព្រឹត្តិការណ៍មួយថា ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសប្រេស៊ីល ចាប់អារម្មណ៍ក្នុងការពិភាក្សាអំពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវជាមួយប្រទេសអាមេរិកខាងត្បូងនេះ។ ហើយលោកក៏បានបង្ហាញថា ប្រេស៊ីលមានឆន្ទៈបើកចំហចំពោះការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

លោក Lula បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិន នឹងមិនធ្វើឱ្យខូចទំនាក់ទំនងដ៏សំខាន់របស់ប្រេស៊ីលជាមួយសហរដ្ឋអាមេរិកឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រេស៊ីលកំពុងស្វែងរកដៃគូដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងមិនចង់ជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិកនោះទេ។

ប្រធានាធិបតីប្រេស៊ីលរូបនេះក៏បាននិយាយដែរថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងខែមីនា ឆ្នាំ២០២៥ ចំពេលមានកិច្ចប្រឹងប្រែងពីរដ្ឋាភិបាលរបស់លោក ដើម្បីជំរុញទំនាក់ទំនងការទូត។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល និងចិនគឺជាសមាជិកនៃក្រុម BRICS នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ៕