(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅទីក្រុង Samjiyon ភាគឦសាន នៅខែធ្នូ និងអាចនៅតាមតំបន់ផ្សេងទៀតនៃប្រទេស នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ បានឱ្យដឹងនៅថ្ងៃពុធនេះ។
សកម្មភាពនេះជាសញ្ញាមួយបង្ហាញថា ប្រទេសដ៏ឯកោនេះ កំពុងត្រៀមបើកព្រំដែនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសក្រុមធំៗ បន្ទាប់ពីការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំ។
ក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «យើងបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់យើងថា ការទេសចរណ៍ទៅកាន់ទីក្រុង Samjiyon និងប្រហែលជាប្រទេសទាំងមូលនឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៤»។
ជើងហោះហើរអន្តរជាតិចេញចូលប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុន ហើយក្រុមទេសចររុស្ស៊ីមួយក្រុមតូច បានហោះហើរទៅកាន់កូរ៉េខាងជើងសម្រាប់ដំណើរកម្សាន្តឯកជនកាលពីខែកុម្ភៈ។ មន្ត្រីជាន់ខ្ពស់បរទេស រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមិថុនា ក៏បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះផងដែរ។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានបើកទទួលភ្ញៀវទេសចរអន្តរជាតិទាំងស្រុងនៅឡើយទេ ចាប់តាំងពីឆ្នាំ២០២០។
ក្រុមហ៊ុន Koryo Tours បាននិយាយថា «បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ៤ឆ្នាំដើម្បីធ្វើការប្រកាសនេះ ក្រុមហ៊ុន Koryo Tours មានការរំភើបយ៉ាងខ្លាំងចំពោះការបើកទេសចរណ៍កូរ៉េខាងជើងម្តងទៀត» ដោយបានបន្ថែមថា ដៃគូក្នុងស្រុករបស់ខ្លួននឹងបញ្ជាក់ពីផែនការធ្វើដំណើរ និងកាលបរិច្ឆេទនៅក្នុងសប្តាហ៍ខាងមុខ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបាន និងកំពុងកសាងអ្វីដែលខ្លួនហៅថា «សង្គមនិយមឋានសួគ៌» នៅទីក្រុង Samjiyon ដែលជាទីក្រុងមួយនៅជិតព្រំដែនចិន និង «ជាគំរូទីក្រុងភ្នំដ៏ស៊ីវិល័យ» ជាមួយនឹងអាគារអាផាតមិន សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងមណ្ឌលវេជ្ជសាស្ត្រថ្មីៗ៕