(កៀវ)៖ អ៊ុយក្រែនបានធ្វើការវាយប្រហារ ដោយដ្រូនក្នុងលក្ខណៈទ្រង់ទ្រាយធំ ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួនបួន នេះបើយោងតាមប្រភពសន្តិសុខអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។
ប្រភពពីសេវាសន្តិសុខអ៊ុយក្រែន (SBU) បានបន្ថែមថា យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីចំនួនបួន កាលយប់ថ្ងៃទី១៤ ខែសីហា ក្នុងការវាយប្រហារដ៏ធំបំផុតមួយ ទៅលើមូលដ្ឋានទ័ពអាកាស។
នៅព្រឹកថ្ងៃដដែលនោះ រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនជាង ១១០គ្រឿងក្នុងការវាយប្រហារដ៏ធំមួយ ខណៈព័ត៌មានក្នុងស្រុករាយការណ៍ពីការផ្ទុះនៅមូលដ្ឋានទ័ពអាកាស Savasleyka, Borisoglebsk និង Baltimore ។
SBU បានបញ្ជាក់ពីការវាយប្រហារប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសទាំងបីដូចខាងលើ ហើយបាននិយាយថា មូលដ្ឋានអាកាសរបស់រុស្ស៉ីនៅតំបន់ Kursk ក៏ត្រូវបានគេកំណត់គោលដៅផងដែរ។
គួរបញ្ជាក់ថា គោលដៅនៃការវាយប្រហារនេះត្រូវបានអះអាងថា ដើម្បីរារាំងរុស្ស៊ីពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសទាំងនេះ សម្រាប់ការវាយប្រហារលើទីតាំងយោធា និងតំបន់ស៊ីវិលរបស់អ៊ុយក្រែន។ ប្រភពបានបញ្ជាក់បន្ថែមថា ផលប៉ះពាល់ពិតប្រាកដនៃការវាយប្រហារនេះ កំពុងត្រូវបានវាយតម្លៃ៕