(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់នៅថ្ងៃទី ១១ ខែសីហាបន្ទាប់ពី បានដំណើរការអស់រយៈពេល ១៩ ថ្ងៃ ។ អ្វីដែលគួរឱ្យប្រជាជនចិនដ៏ច្រើនរាប់មិនអស់ មានមោទនភាពនោះគឺ គណៈប្រតិភូកីឡាចិនដណ្តើម បានមេដាយសរុបចំនួន ៩១ គ្រឿង ក្នុងនោះបូករួមទាំងមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ចំនួន ២៧ គ្រឿងនិងមេដាយសំរឹទ្ធចំនួន ២៤ គ្រឿងដែលទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលប្រទេសចិនបានចូលរួមនៅក្រៅប្រទេស "ហើយសម្រេចបាននូវសមិទ្ធផល ទាំងស្នាដៃផ្នែកកីឡា និងអរិយធម៌ខាងវិញ្ញាណ។ ការប្រកួតដ៏អស្ចារ្យរបស់អត្តពលិកចិនបែបនេះ បានបកស្រាយយ៉ាងរស់រវើកនូវស្មារតី នៃកីឡាចិននិងស្មារតីនៃកីឡាអូឡាំពិកដែលទទួលបាន ការស្រឡាញ់ពេញចិត្តនិងគាំទ្ររាប់មិនអស់ នៅទូទាំងពិភពលោក។
ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងទៅនេះ ប្រសិនបើយើងប្រើពាក្យមួយមកបូកសរុបលក្ខណៈពិសេស នៃលទ្ធផលរបស់អត្តពលិកចិន ក្នុងការប្រកួតលើកនេះ គឺ "ការវាយទម្លុះ" ។ ក្រុមកីឡាលោតទឹកចិន ដែលត្រូវបានគេប្រសិទ្ធនាមថាជា "Dream team"ដណ្តើមបានមេដាយមាសសរុបចំនួន ៨ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាវាយកូនឃ្លីលើតុចិនដណ្តើមបាន មេដាយមាសសរុបចំនួន ៥ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាលើកទម្ងន់ចិនដណ្តើមបាន មេដាយមាសចំនួន ៥ គ្រឿង ចំណែកក្រុមកីឡាបាញ់កាំភ្លើងចិន ទទួលបានលទ្ធផលដ៏ល្អបំផុត ។ល។ ដោយឡែកវិញ្ញាសាប្រពៃណីចំនួន ៦ របស់ប្រទេសចិនដណ្តើមបាន មេដាយមាសចំនួន ២៧ គ្រឿងដែលត្រូវជា ៦៧,៥ ភាគរយនៃចំនួនសរុបនៃមេដាយមាស ដែលបានបង្ហាញពី"ឥរិយាបថជាជើងឯក"។
លើសពីនេះទៅទៀត គណៈប្រតិភូកីឡាចិន ក៏បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតវិញ្ញាសាជាច្រើនផងដែរ គឺ កីឡាការិនីចិនដណ្តើមបានមេដាយមាស ក្នុងការប្រកួតវិញ្ញសាតិន្និសឯកត្តជននារីជាលើកដំបូង ក្នុងការប្រកួតវិញ្ញសាហែលទឹក បណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាស ដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងវិញ្ញាសានេះ ឈ្នះមេដាយមាសក្នុងការប្រកួតវិញ្ញសាហែលទឹកបែបសិល្បៈ និងកាយសម្ព័ន្ធបែបសិល្បៈ ជាលើកដំបូង ។ល។ ក្រោមការលើកទឹកចិត្តពីបាវចនាអូឡាំពិក ពោលគឺ "កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង--កាន់តែសាមគ្គីគ្នា" គណៈប្រតិភូកីឡាចិនបានឈ្នះមេដាយមាស"ប្រកបដោយគុណធម៌ ឥរិយាបថល្អនិងភាពស្អាតស្អំ" ដើម្បីបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់កីឡាអូឡាំពិក។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាលពីថ្មីៗកន្លងទៅនេះថា សមិទ្ធផលដែលដណ្តើមបាន ក្នុងការប្រកួតវិញ្ញសាជាច្រើន ដែលបូករួមទាំងកីឡាវាយកូនឃ្លីលើតុ ហែលទឹកនិងវិញ្ញសាផ្សេងទៀតបានបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាព ក្នុងការបណ្តុះបណ្តាលអត្តពលិកដ៏ឆ្នើម ហើយអាចផ្តល់ជាកម្លាំងចិត្តដល់មនុស្សគ្រប់ៗគ្នា។
ពេលថ្មីៗនេះ កាសែត«Financial Times»អង់គ្លេសបានចុះផ្សាយអត្ថបទថា "ភាពជោគជ័យនៃប្រទេសមួយក្នុងវិស័យកីឡា រមែងតែតំណាងឱ្យឧត្តមភាពកាន់តែទូលំទូលាយ"។ តើកម្លាំងជាក់ស្តែងនៃកីឡាប្រកួតប្រជែងរបស់ចិន មានប្រភពមកពីណា ? ឥស្សរជនអ្នកវិភាគជាច្រើនកំពុងស្វែងរក មូលហេតុពីវិស័យជាច្រើន ក្នុងនោះបូករួមទាំងកម្លាំងជាតិចម្រុះរបស់ចិន បានកើនឡើងជាបន្តបន្ទាប់ កម្រិតហ្វឹកហាត់បានតភ្ជាប់ជាមួយអន្តរជាតិ ធនធានមនុស្សខាងវិស័យកីឡា បានលេចចេញ ជាបន្តបន្ទាប់ និងការរៀបចំការប្រកួតកីឡាអូឡាំពិកដោយជោគជ័យ ចំនួនពីរលើកបានបំផុសយ៉ាងខ្លាំង នូវភាពកក់ក្តៅរបស់ប្រជាជនចិន ក្នុងកីឡាលំហាត់ប្រាណជាដើម។ ភាពជោគជ័យទាំងអស់គឺ បានមកដោយមិនងាយទេ គឺដោយមកពីការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនបែបយ៉ាង វាបានចាក់មូលដ្ឋានគ្រឹះសម្រាប់ឱ្យអត្តពលិកចិន ទទួលបានលទ្ធផលដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។
ក្នុងនាមជាវេទិកាប្រកួតកីឡាដែលមានកម្រិតខ្ពស់បំផុតលើពិភពលោក ការប្រកួតកីឡាអូឡាំពិកមិនបានចាត់ទុក ការប្រកួតប្រជែងជាប្រធានបទតែមួយគត់នោះទេ។ ដោយឡែកវាក៏ជា "និមិត្តសញ្ញានៃសាមគ្គីភាព និងមិត្តភាពនិងជាសមិទ្ធផលនៃការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក" ផងដែរដែលបានផ្ទុក នូវការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិ ដែលប្រាថ្នាចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។
បើនិយាយចំពោះពិភពលោក ការប្រកួតកីឡាអូឡាំពិក គឺជាបង្អួចមួយសម្រាប់យល់ដឹងពី ការអភិវឌ្ឍនិងបម្រែបម្រួលរបស់ ប្រទេសចិន។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ការប្រកួតកីឡាអូឡាំពិកជាសាក្សីនៃវឌ្ឍនភាព នៃកីឡាប្រកួតប្រជែង របស់ប្រទេសចិន ជាសាក្សីនៃការលើកកម្ពស់ជាបន្តបន្ទាប់ នៃកម្លាំងជាតិចម្រុះរបស់ចិន និងជាសាក្សីនៃការរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិក ។ នៅឆាកប្រកួតកីឡានាពេលអនាគត ប្រទេសចិននឹងបន្តផ្សព្វផ្សាយស្មារតីនៃកីឡាអូឡាំពិក ជំរុញសន្តិភាពនិងសាមគ្គីភាពរបស់ពិភពលោក ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងកាយចិត្តរបស់ចិនកាន់តែច្រើន ក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ៕