(ប៉េកាំង)៖ ១៥ សីហា ឆ្នាំ២០២៤ ជាខួប១ឆ្នាំដែលស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន នៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនលើកទី១៤ បានកំណត់ជា «ទិវាជាតិអេកូឡូស៊ី» បន្ថែមលើទិវាអន្តរជាតិបរិស្ថានដែលប្រទេសចិនផ្តល់តម្លៃយ៉ាងខ្លាំងក្លា។ នេះជាដំណើរស្របនិងបន្តមរតកដ៏ប្រសើរ នៃទស្សនវិជ្ជាចិន ដែលមានអាយុកាលជាង២៧០០ឆ្នាំ ស្តីពីដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ ដោយមនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន ហើយបុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នា ទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នា ដោយមិនបំផ្លាញគ្នាទៅវិញទៅមក។
១៥ សីហា ឆ្នាំ២០២៤ រំលឹកឡើងវិញនូវស្មារតីរួមរបស់ប្រជាជាតិចិន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះអេកូឡូស៊ីសកល ហើយវាជាគីឡូម៉ែត្រ ចេញដំណើរ ដោយបានផ្តល់កាលានុវត្តភាព ដល់បណ្តាប្រទេសនានាចូលរួមកាន់តែសកម្មជាមួយចិន នៅក្នុងបរិបទបង្កើនបៃតងភាព និងការអភិវឌ្ឍបៃតងដល់ពិភពលោក ដោយប្រទេសចិនបាននិងកំពុងបំពេញតួនាទីឈានមុខ លើការគោរពនិងផ្តល់តម្លៃខ្ពស់ចំពោះអរិយធម៌អេកូឡូស៊ីនេះ ដូចមានចែងពីការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងប្រទេសចិន តាមរយៈលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាសារដ៏សំខាន់លាតត្រដាងពីគោលដៅច្បាស់លាស់ របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន នៅក្នុងការធានាថែរក្សាការអភិរក្សជីវចម្រុះជាសកល ក្រោមទម្រដ៏រឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
១៥ សីហា ឆ្នាំ២០២៤ ជាការគូសរំលេចកាន់តែខ្លាំងក្លាបន្ថែមទៀត នូវទស្សនៈប្រកបដោយគុណតម្លៃមហាសាលកាលពី១៩ឆ្នាំ (១៥ សីហា ២០០៥) ស្តីពី «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើមនិងអនុវត្តដោយលោក Xi Jinping ហើយបាននិងកំពុងអត្ថិភាពពេញក្នុងក្រអៅបេះដូងរបស់ប្រជាជនចិន ដោយបានចាត់ទុកថាទស្សនៈនេះជាគ្រឹះ នៃអរិយធម៌អេកូឡូស៊ី ជាស្ថាបនិកនៃទិវាជាតិអេកូឡូស៊ី និងជាការចូលរួមថែរក្សាភពផែនដី ប្រៀបដូចជាការចូលរួមថែរក្សា កែវនេត្រា របស់យើងទាំងអស់គ្នាផងដែរ។ ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានរំលេចយ៉ាងច្បាស់នូវសមិទ្ធផលនានា របស់ប្រទេសចិនជូនដល់ពិភពលោក ក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់ ប្រជាជនចិនជាង១ពាន់៤រយលាននាក់ក្នុងចរន្ត នៃការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ ដើម្បីរួមគ្នាបង្កើនល្បឿនកសាងសហគមន៍រួមជីវិត បង្កើនសុខដុមនីយកម្ម នៃវិបុលភាពរួមរវាងមនុស្សនិងធម្មជាតិ។
១៥ សីហា ឆ្នាំ២០២៤ ជាការពន្លាតនូវមរតកនៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណីប្រជាជាតិចិនបុណ្យឆេងម៉េង ដែលតែងប្រារព្ធជារៀងរាល់ឆ្នាំដោយផ្សារភ្ជាប់ជាមួយបរិស្ថាន ការដាំដើមឈើ និងសកម្មភាពនានាជាច្រើនទៀតចូលរួម បង្កើនសម្រស់ដល់ផែនដី។ បន្ថែមពីលើនេះ ក្រោមសំណើរបស់ប្រទេសចិន ក្នុងស្មារតីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាព របស់ភពផែនដីជូនដល់ អ្នកជំនាន់ក្រោយ បានផ្តល់ជាសក្ខីកម្មដល់ពិភពលោកនៅចងចាំ ដោយគ្មានភាពស្រពិចស្រពិលនូវកិច្ចប្រជុំ ដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) កាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពី «អរិយធម៌អេកូឡូស៊ី៖ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់ នៅលើផែនដី» គឺជាសន្និសីទសកល លើកដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដោយផ្តោតលើអរិយធម៌អេកូឡូស៊ី ហើយក្នុងកិច្ចប្រជុំនោះ ប្រទេសចិនបានផ្តល់ផែនការខ្លួន ប្រកបដោយគរុសភា លើការអភិរក្សជីវចម្រុះជាសកលរួមទាំង យន្តការការពា រ «ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី»។ ជាក់ស្តែង ប្រទេសចិនបានក្លាយជាប្រទេស ដែលមានផ្ទៃដីដាំដើមឈើច្រើនជាងគេ នៅក្នុងពិភពលោកដែលត្រូវជា២៥%នៃបរិមាណព្រៃឈើនៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះក៏ត្រូវបានថែរក្សា យ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនិក បានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ចំនួន១៤០០លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់។ ១៥ សីហា ឆ្នាំ២០២៤ ជាការពង្រឹងនូវគុណតម្លៃរួម នៃទស្សនៈអរិយធម៌ អេកូឡូស៊ី ដែលបានជ្រៀតចូលយ៉ាងស៊ីជម្រៅ ទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយជាជម្រើស ដោយខ្លួនឯងរបស់ប្រជាជនចិនកាន់តែច្រើនឡើងៗ។ តាមរយៈទិវាជាតិអេកូឡូស៊ី ១៥ សីហា សហគមន៍អន្តរជាតិពិតជា បាននិងកំពុងសាទរ ហើយប្រកៀកស្មាជាមួយប្រទេសចិន ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងអនាគតរួមគ្នា សម្រាប់ជីវិតទាំងអស់នៅលើផែនដី និងរួមគ្នាជាមួយចិនជ្រោងទង់ នៃការថែរក្សាបរិស្ថានអេកូឡូស៊ីពិភពលោក។
ជារួម ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានក្លាយជាស្មារតីរួមជាសកល និងជាកម្លាំងចលករដែលបង្ហាញពីប្រាជ្ញាចិន ក្នុងការដោះស្រាយនូវបញ្ហាសកល ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជាបេសកកម្មរួមរបស់មនុស្សជាតិ ហើយដែលប្រទេសចិន កំពុងដើរតួនាទីឈានមុខដ៏សំខាន់។ នៅពេលនេះ គ្រប់គ្នានៃពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមករដ្ឋធានីប៉េកាំង ទីដែលបានដាក់ចេញនូវទិវាជាតិអេកូឡូស៊ី ១៥ សីហា ហើយប្រទេសចិនបានអំពាវនាវសូមឲ្យពិភពលោក ចូលរួមជាមួយគ្នារួមចំណែកដល់ ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធនៃការអភិវឌ្ឍបៃតងសកល ប្រកបដោយចីរភាពកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឈរ លើទម្រដ៏រឹងមាំនៃអរិយធម៌អេកូឡូស៊ី៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន