(បាងកក)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បាននិយាយថា រូបលោកគោរពទទួលយក សាលក្រមរបស់តុលាការធម្មនុញ្ញ ដែលសម្រេចដកហូតតំណែង នាយករដ្ឋមន្រ្តីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញថៃ លោក សេដ្ឋា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅការិយាល័យថា «រូបខ្ញុំគោរពទទួលយកសាលក្រមនេះ។ ខ្ញុំសូមបញ្ជាក់ថា សម្រាប់រយៈពេលជិត១ឆ្នាំមកនេះ ដែលខ្ញុំបានកាន់តួនាទីនាយករដ្ឋមន្រ្តី គឺខ្ញុំបានព្យាយាមប្រកាន់ខ្ជាប់នូវចេតនាសុចរិត ដើម្បីដឹកនាំប្រទេសដោយភាពស្មោះត្រង់»។ នារសៀលថ្ងៃពុធនេះ លោក សេដ្ឋា ត្រូវបានតុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកតំណែងជានាយករដ្ឋមន្រ្តី ក្នុងសំឡេង៥ទល់នឹង៤។
សំណុំរឿងខាងលើផ្តើមឡើង ក្រោយកាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមានបំណងចង់ឱ្យពិចារណា ដកតំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។
គួរបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៉ីណាវ៉ាត់ ហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា បន្ទាប់ពីការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣។ នៅបន្ទាប់ពីការដកតំណែងលោក សេដ្ឋា គណៈរដ្ឋមន្ត្រីថៃសព្វថ្ងៃ នឹងកា្លយជាគណៈរដ្ឋមន្ត្រីចាំផ្ទះ។ ក្រោយមកទៀត បណ្តាគណបក្សក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ នឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ហើយប្រធានរដ្ឋសភានឹងកោះប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕